
បរទេស
អាម៉ាប៉ាប៉ាញ៉ូសអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាបានរួមគ្នាចោទប្រកាន់ប្រទេសរុស្ស៊ី នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះថា បានព្យាយាមលួចយកព័ត៌មានពីអ្នកស្រាវជ្រាវដែលកំពុងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩។
ប្រទេសទាំង៣បានចោទប្រកាន់ថា ក្រុម hacker APT29ដែលគេស្គាល់ឈ្មោះថាCozy Bear ដែលជាក្រុមមួយនៃក្រុមស៊ើបការណ៍សម្ងាត់រុស្ស៊ី បានវាយប្រហារស្ថាប័នស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងឱសថដែលពាក់ព័ន្ធនឹងការបង្កើតវ៉ាក់សាំងការពារមេរោគ។ នេះបើតាមមជ្ឈមណ្ឌលជាតិសន្តិសុខតាមអ៊ីនធឺណិតចក្រភពអង់គ្លេស ដែលបានសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកនិងកាណាដា ដើម្បីប្រកាសព័ត៌មាននេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមិនអាចទទួលយកបានទាំងស្រុងថាសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ី កំពុងផ្តោតគោលដៅទៅលើអ្នកដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតនេះ។
លោកថា៖«ខណៈពេលដែលអ្នកផ្សេងទៀត(រុស្ស៊ី) ស្វែងរកផលប្រយោជន៍អាត្មានិយមរបស់ពួកគេ ជាមួយនឹងអាកប្បកិរិយាមិនប្រុងប្រយ័ត្ន ហើយចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តកំពុងខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំងដើម្បីការពារសុខភាពពិភពលោក»។
ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីនេះ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងលួចកម្មសិទ្ធិបញ្ញាជាជាងធ្វើឱ្យរំខានដល់ការស្រាវជ្រាវ។ មជ្ឈមណ្ឌលសកម្មភាពសន្តិសុខជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យុទ្ធនាការនៃសកម្មភាពព្យាបាទកំពុងបន្តហើយ រួមមានការវាយប្រហារដែលភាគច្រើនប្រឆាំងនឹងរដ្ឋាភិបាល ការទូត ក្រុមអ្នកជំនាញសុខាភិបាលនិងគោលដៅថាមពល៕