កណ្តាល៖ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន បុរស២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធការធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ពីបទ «ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ និង ឆបោក» តាមមាត្រា៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ។
សូមជម្រាបជូនថា សកម្មភាពល្មើសខាងលើនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនត្រូវចោទ ទី១ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង ទី២ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រីជា ឃុំល្បើក ស្រុកឈូក ខេត្តកំពត ។
នគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យ៥នាក់ បានជិះរថយន្តមួយគ្រឿង កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L-5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហើយ ឈ្មោះ ឡុង ក៏បានចែក ស្បង់ចីពរហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយសំបុត្របុណ្យជាច្រើនសន្លឹក ។
រួចជនសង្ស័យ ឈ្មោះ ហុន សៀកប៉ាវ និង ឈ្មោះ វង្ស ដារ៉ា បាន ចុះដើរចែកសំបុត្រ បុណ្យ និង អង្គាសប្រាក់ នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង ពេលដើរមកដល់ចំណុចកើតហេតុ បានជួបជាមួយព្រះចៅអធិការវត្តវិហារកំបោរ ដោយមានការសង្ស័យ ព្រះចៅអធិការ បានសួរនាំ ហើយបាននាំជនសង្ស័យ ទាំង២នាក់ ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារ បិតមាស ដែលជាព្រះអនុគុណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត ។
ដោយពិនិត្យឃើញថា ជនសង្ស័យទាំង២នាក់ជាព្រះសង្ឃក្លែងក្លាយ ដោះស្បង់ចីពរ ចេញប្រគល់ជូនសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង ចាត់ការតាមនីតិវិធីតែម្តង ៕