សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

កម្ពុជាមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ដើម្បីចាក់ការពារសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ ខណៈដែលថ្មីៗនេះ ពិភពលោក ទទួលបានដំណឹង មានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នេះ ចំនួន២ប្រភេទ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅពេលឆាប់ៗនេះ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាកំពុងតែរង់ចាំព័ត៌មានច្បាស់លាស់មួយ ពីអង្គការសុខភាពពិភពលោក ចំពោះវ៉ាក់សាំងកូវីដ១៩ ចំនួន២ប្រភេទ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ រួមមាន៖ CanSinoBio របស់ប្រទេសចិន និងវ៉ាក់សាំង Gamaleya Research Institute របស់រុស្សី ទោះបីស្ថិតក្នុងដំណាក់កាលពិសោធន៍ចុងក្រោយក៏ដោយ។

លោកជំទាវបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ហើយក្រសួងសុខាភិបាល បានគិតគូរក្នុងការស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហើយ។ ដូច្នេះកម្ពុជាសង្ឃឹមថា នឹងទទួលបានវាក់សំាងទំាងនេះសម្រាប់ចាក់ការពារសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា។

«សំឡេង ៖ អ៊ីចឹងសម្រាប់វ៉ាក់សាំងនៅពេលនេះ ខ្ញុំយល់ឃើញថា ជាព័ត៌មានល្អដែលរុស្ស៉ីបានប្រកាស ហើយប្រទេសចិន ក៏បានប្រកាសដែលឈានចូលទៅដល់ការសិក្សានៅក្នុងដំណាក់កាលទី៣ ឬក៏អាចក្នុងដំណាក់កាលណាមួយផ្សេងទៀត ពិសេសសម្រាប់វ៉ាក់សាំង ដែលគេកំពុងតែជំរុញនូវការបញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពសុក្រឹតនៅក្នុងការប្រើប្រាស់វ៉ាក់សាំងលើមនុស្ស ដើម្បីកុំឲ្យមានបញ្ហានៅពេលប្រើទៅ វាមិនបានជួយការពារតែបែរជាប្រើទៅមានបញ្ហាទៅវិញ។ សម្រាប់កម្ពុជាយើងវិញ ក្រសួងសុខាភិបាល ក្រោមការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រី ឯកឩត្តម ម៉ម ប៊ុនហេង គឺកម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាព អន្តរជាតិចាក់ថ្នាំបង្ការ។

អ៊ីចឹងប្រសិនបើមានការដាក់ចេញផ្សព្វផ្សាយជាផ្លូវការថា វ៉ាក់សាំងអាចប្រើប្រាស់បានហើយ យើងក៏មានលទ្ធភាពទិញ ឬក៏ទទួលយកវ៉ាក់សាំងនោះបានផងដែរ។»

លោកជំទាវបានបន្តទៀតថា ប្រទេសធំៗ កំពុងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យការអភិវឌ្ឍវ៉ាក់សាំងនេះ ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខឲ្យបានល្អ ហើយជាគោលការណ៍បច្ចេកទេស ការអភិវឌ្ឍវ៉ាក់សាំងនោះ គឺតម្រូវឲ្យមានរយៈពេលយូរ ដើម្បីឲ្យមានការវាយតម្លៃត្រឹមត្រូវ ហើយវាមានដំណាក់កាល នីមួយៗ។ លោកជំទាវ បន្តថា សម្រាប់ព័ត៌មានដែលបានលើកឡើងថា ប្រទេសរុស្ស៉ី ក៏ដូចជាប្រទេសចិន មានវ៉ាក់សាំងនោះគឺជាការពិត ហើយកម្ពុជា សង្ឃឹមថា នឹងទទួលបាន ដំណឹងល្អ នៅពេលឆាប់ៗខាងមុខ ពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor