
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ លើវិស័យទេសចរណ៍ ជំហានទី២ សំរាប់ឆ្នាំ២០២០-២០២៤ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងនេះផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច។ ចំពោះការអនុវត្តគម្រោងនេះ នឹងត្រូវធ្វើឡើងនៅតាមខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តព្រះវិហារ ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តជំហានទី២ នៃកម្មវិធីអភិវឌ្ឍជំនាញឱ្យបានកាន់តែល្អប្រសើរ ក្រសួងទេសចរណ៍បានចាត់ឱ្យមន្ត្រីក្រសួងចូលជាសហអនុប្រធានគណៈកម្មការអនុវត្តគម្រោងជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះតំណាង SDC (ម្ចាស់ជំនួយ) ជាប្រធាន និងតំណាងក្រសួងការងារជាសហអនុប្រធានផងដែរ។
គួររំលឹកថា គម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ បានយ៉ាងល្អប្រសើរ៕
