
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ក្រុមហ៊ុនចិនមួយ គ្រោងវិនិយោគលើវិស័យកសិកម្មកម្ពុជា ដោយចង់ប្រមូលទិញផ្លែឈើស្រស់ និងកែច្នៃនាំចេញទៅចិន។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន បានពិភាក្សាពីគម្រោងវិនិយោគនេះ កាលពីថ្ងៃទី២៤ សីហា។
លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន រំពឹងថា គម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នឹងទទួលបានជោគជ័យ តាមរយៈការដាក់លក់ផលិតផលកសិកម្មកម្ពុជា នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ ការអះអាងរបស់លោក Wang Binghamនេះ ធ្វើឡើងបន្ទាប់ពីលោកបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា។
ប៉ុន្តែដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ អគ្គនាយកក្រុមហ៊ុនរូបនេះ ក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីលោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិនផងដែរ។
ជាការឆ្លើយតប លោក វេង សាខុន បានណែនាំឲ្យក្រុមហ៊ុនចិននេះ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ,អគ្គនាយកដ្ឋានកសិកម្ម ,នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួល ក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ។
រដ្ឋមន្ត្រីកសិកម្ម ក៏ជឿជាក់ថា គម្រោងវិនិយោគនេះ ក៏ស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ៕