
បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី២៦ សីហាដល់ថ្ងៃទី០១ ខែកញ្ញា នៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជា។ នេះបើតាមលិខិតជូនដំណឹងនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០។
ក្រសួងបានបញ្ជាក់ថា ការវិវត្ត និងប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ បានបណ្ដាលឲ្យកម្ពុជាទទួលរងនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយបានគ្របដណ្ដប់លើកម្ពុជា ។ ចំពោះបណ្ដាខេត្ត នៅតំបន់វាល់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរបរមា មានពី ២៥អង្សាសេ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២ដល់ ៣៤អង្សាសេ។ស្ថានភាពបែបនេះ បានបណ្ដាលឲ្យបណ្ដាខេត្តនានានៅភាគពាយ័ព្យ និងភាគកណ្ដល អាចមានភ្លៀងធ្លាក់តិច ចាប់ពីថ្ងៃទី២៦ ដល់ ២៧ ខែសីហា។ ក្រៅពីនោះភ្លៀងនឹងកើនឡើងសាយភាយក្នុងកម្រិតពីខ្សោយទៅបង្គួរ។
សម្រាប់បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៤ដល់ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី៣០ ដល់៣២ អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម។ ចំណែកផ្នែកខ្លះនៃតំបន់មាត់សមុទ្រ តុណ្ហភាពអប្បបរមា មានចន្លោះពី ២៥ ដល់ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី ២៩ ដល់ ៣១អង្សាសេ ហើយនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិច។
ជាមួយគ្នានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី២៣ ខែសីហា បានឲ្យដឹងថា ជំនន់ទឹកភ្លៀងអាចនឹងកើតឡើង ចាប់ពីពាក់កណ្ដាលខែកញ្ញា ដល់ចុងខែតុលា ខាងមុខនេះផងដែរ។ នេះជាការលើកឡើងរបស់លោក ចាន់ យុត្ថា។
ចំពោះស្ថានភាពបែបនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតមានមួយចំនួននៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាបកណ្តាល និងភាគពាយ័ព្យ៕