
ចរាចរ
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តទៅបុកអ្នកជិះម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ នៅចំណុចផ្លូវ 51 (ផ្លូវប៉ាស្ទើរ) កែងនឹងផ្លូវក្រមួនសជាប់នឹងមន្ទីពេទ្យពេទ្យអង្គឌួង ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយលែនឌី ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AY-5509 បើកបរដោយ លោកហ៊ី សីលារិទ្ធប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HM-5998 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងមកត្បូងតាមផ្លូវលេខ51(ផ្លូវប៉ាស្ទើរ) បណ្ដាលឲ្យបាក់ជើងស្ដាំ បែកប្រអប់ជើង រងរបួ។សធ្ងន់ ព្រមទាំងបាក់ម៉ារ៉ាវេនម៉ូតូខ្ទិច។

ក្រោយពេលកើតហេតុលោក ហ៊ី សីលារិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកចតុមុខ បានព្យាយាមបើករថយន្តគេចចូលមន្ទីពេទ្យព្រះអង្គឌួង បានមួយសន្ទុះ ក៏បើកចេញមកវិញ បំរុងគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ ប្រគល់ឲ្យសមត្ថកិច្ច។

ជនរងគ្រោះត្រូវបានរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រ ។ ចំណែកលោកហ៊ី សីលារិទ្ធប្រធានមន្ទីរពេទ្យបង្អែកចតុមុខ និងរថយន្ដជាមួយម៉ូតូត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ យកទៅការិយាល័យដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។


