
សង្គម
អាម៉ាប៉ាប៉ាញ៉ូសស្ត្រីអាយុ២៧ឆ្នាំម្នាក់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះនៅថ្ងៃអង្គារទី១៨សីហានេះ ពីបទបោះកូនប្រុសដែលទើបនឹងកើត ចោលទៅក្នុងធុងសំរាមពីលើផ្ទះជាន់ទី៣ដោយមានបំណងសម្លាប់កូននោះ។
មេធាវីរបស់នាងបានប្រាប់តុលាការថា ស្រ្ដីរូបនេះមិនបានដឹងថានាងមានផ្ទៃពោះឡើយ ហើយមិនបានត្រៀមទុកសម្រាប់ស្ថានភាពត្រូវមានកូននោះទេ។ ឯកសារតុលាការក៏បាននិយាយថា នាងត្រូវបានគេរកឃើញថាមានជំងឺធ្លាក់ទឹកចិត្ត ក្រោយឆ្លងទន្លេរួច។
នៅព្រឹកព្រលឹមថ្ងៃទី៧ខែមករាឆ្នាំនេះ នៅពេលនាងកំពុងនៅក្នុងផ្ទះល្វែងជាមួយបងប្រុសម្នាក់ នាងចាប់ផ្តើមមានអារម្មណ៍មិនស្រួលនៅក្នុងពោះ។ នៅពេលនាងទៅបន្ទប់ទឹកនៅព្រឹកនោះ នាងបានកើតកូនប្រុសម្នាក់ ហើយបានតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីឆ្លងទន្លេរួច។
ឯកសារតុលាការបានបញ្ជាក់ថា នាងមិនមានរដូវអស់រយៈពេលជាច្រើនខែ ហើយមានការងឿងឆ្ងល់ម្តងម្កាលថា នាងអាចមានផ្ទៃពោះ។ នាងបានយកទារកដែលទើបនឹងកើតចេញពីបន្ទប់ទឹក និងយកទៅផ្ទះបាយ ជាកន្លែងដែលនាងដាក់ទារកនៅក្នុងថង់ប្លាស្ទិកហើយចងវា។
តុលាការបន្តទៀតថា នាងបានដឹងថា នៅពេលនោះទារកបានកម្រើកនៅក្នុងថង់ប្លាស្ទិក ហើយនាងបានបោះទារកតាមបំពង់សំរាមពីជាន់ទី៣ ដោយមានបំណងធ្វើឱ្យទារកនោះស្លាប់។
បន្ទាប់មក នាងបានសម្អាតឈាមនៅក្នុងផ្ទះ ងូតទឹក និងចូលដេក។ នាងមិនបានប្រាប់នរណាម្នាក់អំពីអ្វីដែលនាងបានធ្វើទេ ដោយគ្រាន់តែប្រាប់មិត្តភក្ដិរបស់នាងថា នាងបានរលូតកូន។
នៅម៉ោងប្រហែល៨និង៣០នាទី នៅព្រឹកថ្ងៃទី៧ខែមករានោះ អ្នកបោសសម្អាតពីរនាក់បានចាប់ផ្តើមប្រមូលសំរាម ហើយបានឭសំឡេងទារកយំយ៉ាងខ្លាំងចេញពីធុងសំរាមចេញពីម្ដុំផ្ទះរបស់ស្រ្ដីរូបនោះ។
លោក Shamin ដែលជាអ្នកបោសសម្អាតម្នាក់បាននិយាយថា លោកបានជិះម៉ូតូសណ្ដោងរទះទៅជិតធុងសំរាមនោះ ហើយក៏បានឭសំឡេងទារកយំជាថ្មីម្តងទៀត ហើយយំឭកាន់តែខ្លាំងជាងមុន។
អ្នកបោសសម្អាតទាំងពីរនាក់ បានបញ្ឈប់ការងារភ្លាមៗ ហើយបានហៅអ្នកគ្រប់គ្រងរបស់ខ្លួន។ មន្រ្តីជំនាញនៃក្រុមប្រឹក្សាក្រុងពីរនាក់ បានទៅកន្លែងកើតហេតុ ដោយម្នាក់បានហែកថង់ប្លាស្ទិកមើលទារកទើបនឹងកើតនោះ ដែលកំពុងប្រឡាក់ដោយឈាម ស្រែកយំខ្លាំង និងគ្មានសម្លៀកបំពាក់ឬកន្សែងគ្របដណ្ដប់លើខ្លួនឡើយ។
អ្នកបោសសម្អាតទាំងពីរនាក់ បានយកអាវនិងសម្លៀកបំពាក់ផ្សេងទៀតមករុំក្មេងប្រុសនោះ ហើយប៉ូលីសនិងរថយន្តសង្គ្រោះបន្ទាន់ បានមកដល់ដើម្បីនាំទារកទៅមន្ទីរពេទ្យ។
នៅថ្ងៃបន្ទាប់ ប៉ូលីសបានទៅផ្ទះរបស់ជនជាប់ចោទដែលជាត្រូវជាម្ដាយរបស់ជនរងគ្រោះ ហើយបានសួរនាងនិងក្រុមគ្រួសារនាង ថាតើពួកគេបានដឹងអំពីទារកដែលត្រូវបានគេបោះចូលនៅលើគំនរសំរាមដែរឬទេ។
ជនជាប់ចោទបានបដិសេធថាមិនបានដឹងរឿងអ្វីទេ ប៉ុន្តែនៅទីបំផុត នាងបានសារភាពប្រាប់មិត្តភក្តិថា នាងបានបោះទារកនោះចោល។ មិត្ដភក្ដិរបស់នាងបានណែនាំនាងឱ្យប្រគល់ខ្លួនឱ្យប៉ូលីស ហើយនាងបានទៅដល់ប៉ុស្ដិ៍ប៉ូលីសនៅថ្ងៃទី១៣ខែកុម្ភៈ៕