header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះ លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានបញ្ជារឲ្យមន្រ្តីជំនាញខណ្ឌទាំង១៤ នៅភ្នំពេញលុបបំបាត់កន្លែងលក់ហ្គាស ឬបញ្ចូលហ្គាស គ្មានបច្ចេកទេស និងអនាធិបតេយ្យ។

លោក ឃួង ស្រេង ព្រមានថា៖«ភ្នំពេញមានកន្លែងលក់ហ្គាស និងបញ្ជូលហ្គាស គ្មានស្តង់​ដារបច្ចេកទេសជាច្រើនកន្លែង ដូច្នេះអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការ​ទិញ​ធុង​ហ្គាសចាស់ៗយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលបង្ករហានិភ័យគ្រោះថ្នាក់ផ្ទុះធុង​ហ្គាស​ និងអគ្គិភ័យឆាប់ឆេះផ្ទះជាដើម»។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះហ្គាសមួយកន្លែង បានធ្វើឲ្យមនុស្ស៤ នាក់ស្លាប់ នៅបណ្ដាយផ្លូវត្រសក់ផ្អែម សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីខែកក្កដា​កន្លងទៅ។

លោក បន្តថា​ កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពពលរដ្ឋនៅមូលដ្ឋាន។ កាលណាកន្លែង​លក់ហ្គាសអានាធិបតេយ្យមានកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់។

ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រាប់ថា  បញ្ហា​​ហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ហើយត្រូវបង្កើនការយកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជ ធានីភ្នំពេញកន្លងមកនេះភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសដែលគ្មានបច្ចេកទេស​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post