ភ្នំពេញ៖ ក្រុមគ្រួសារនៃសព ករណីរំលោភសម្លាប់យ៉ាងសាហាវនៅខេត្តស្វាយរៀង ដែលមានរយៈពេល៣ឆ្នាំ មកហេីយ តែពុំទាន់ទទួលបានយុត្តិធម៌ ដែលគ្រួសារត្រូវចំណាយទាំងថវិកា និងពេលវេលា យ៉ាងច្រេីនដេីម្បីចូលរួមនីតិវិធីនៅតុលាការ ។
គណនីហ្វេសប៊ុកមួយឈ្មោះ «បង រី» បានបង្ហើបនៅតាមបណ្ដាញសង្គម នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នេះ ថា «ថ្ងៃនេះថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ថ្ងៃគម្រប់ខួប៣ឆ្នាំរបស់ក្មួយស្រីខ្ញុំ ដែលត្រូវបានអ្នករត់តាក់ស៊ីរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅខេត្តស្វាយរៀង ។ អស់រយៈពេលបីឆ្នាំហើយ ដែលគ្រួសារខ្ញុំរង់ចាំទទួលយុត្តិធម៌ តើពេលណាទៅទើបផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំ គ្រួសារខ្ញុំត្រូវឡើងតុលាការខេត្តស្វាយរៀងបីដង ។ ក្រោយមកទៀតឡើងសាលាឧទ្ធរណ៍នៅភ្នំពេញពីរដងទៀត ក្រុមគ្រួសារខ្ញុំត្រូវចំណាយលុយអស់ជាច្រើន សម្រាប់ធ្វើដំណើរឡើងតុលាការជាច្រើនដង និងខាតពេលវេលារកស៊ីច្រើនណាស់»។
គណនីហ្វេសប៊ុក ដដែលបន្តថា «ក្នុងរយៈពេលបីឆ្នាំនេះការឈឺចាប់នៅតែកើនឡើងដោយសារតែយុត្តិធម៌នៅមិនទាន់ទទួលបាន ខ្ញុំបានបង្ហោះសារនេះតាមប្រព័ន្ធហ្វេសប៊ុកជាច្រើនដង តែដូចគ្មានថ្នាក់ដឹកនាំណាមើលឃើញសោះ នេះហេីយដែលធ្វើឲ្យគ្រួសារខ្ញុំមានការឈឺចាប់កាន់តែខ្លាំងទៅៗ សូមថ្នាក់ដឹកនាំ និងក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌និងផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំផង»។
សូមជម្រាបជូនថា នារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck» ត្រូវបានគេរំលោភសម្លាប់ នៅកណ្ដាលវាលស្រែង ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយមកជនល្មេីស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន រហូតមកទល់ពេលនេះ ។