
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖បើទោះជាអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយក្តី ក៏កម្ពុជានៅតែរក្សាជំហរទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុបដដែល។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
សម្ដេច ស ខេង បានបញ្ជាក់ថា កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីជម្នះឧបសគ្គនានា ក្នុងការនាំទំនិញចេញទៅអឺរ៉ុប ក្រោយពីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយឡើយ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«EBA បានចូលជាធរមាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា។ ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែកពីមុនទេ គឺនៅដដែល គឺយើងខិតខំប្រឹង ដើម្បីជម្នះឧបសគ្គបញ្ហា ប្រឈមទាំងឡាយ អាហ្នឹងអត់ជម្រើសក្រៅពីហ្នឹងទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ បានសេចក្ដីថា មានទំនាក់ទំនង ជាមួយសហគមន៍អឺរ៉ុបនៅតែមានសារសំខាន់ ហើយយើងខិតខំបន្ថែមទៀត»។
តាមពិតទៅទំនិញរបស់កម្ពុជា ដែលត្រូវកាត់ផ្ដាច់ពន្ធ២០ភាគរយនេះ គឺអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែត្រូវបង់ពន្ធតែប៉ុណ្ណោះ។ ដូច្នេះភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។ នេះបើតាមសម្ដេច ស ខេង។
កាលពីថ្ងៃទី១២ សីហា គណៈកម្មការអឺរ៉ុប បានចេញសេចក្ដីសម្រេចផ្ដាច់ EBA ចំនួន២០ភាគរយចេញពីកម្ពុជាជាធរមាន។ ការកាត់EBA ២០ភាគរយនេះ គឺប៉ះពាល់ដល់ទំនិញ៤០មុខ ដែលភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុប ក្នុងតម្លៃជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ដោយឡែក ទំនិញរបស់កម្ពុជា៨០ភាគរយទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែល៕