សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ដំរីឈ្មោះ កាវ៉ាន់(Kaavan) ដែលបានតស៊ូរស់នៅក្នុងសួនសត្វមួយពុំសូវមានបរិស្ថានល្អអស់រយៈពេល៣៥ឆ្នាំ នៅរដ្ឋធានីបាដាដប្រទេសប៉ាគីស្ថាន និងត្រូវអ្នកការពារសត្វព្រៃបានហៅថា ជាសត្វដំរីឯកោបំផុតនៅក្នុងពិភពលោក នឹងត្រូវបញ្ជូនឱ្យមករស់នៅក្នុងតំបន់អភិរក្សសត្វដំរីមួយនៅក្នុងប្រទេសកម្ពុជា ខណៈដំរីនេះ ត្រូវពេទ្យសត្វពិនិត្យសុខភាពនិងអះអាងថា អាចធ្វើដំណើរផ្លាស់ប្ដូរទៅកន្លែងថ្មី។
អង្គការ Four PAWS ជាអង្គការការពារសុខុមាលភាពសត្វសកលសម្រាប់សត្វដែលស្ថិតនៅក្រោមឥទ្ធិពលរបស់មនុស្ស បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសៅរ៌ទី៥កញ្ញាថា បន្ទាប់ពីការត្រួតពិនិត្យ ដំរីកាវ៉ាន់មានសុខភាពភាពរឹងមាំគ្រប់គ្រាន់ ហើយជំហានបន្តទៀត គឺផ្លាស់ទីលំនៅទៅកាន់ដែនជម្រកសត្វដែលមានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា។
ការបញ្ជូនសត្វដំរីកាវ៉ាន់មកកម្ពុជានៅពេលនេះ គឺបន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសបិទសួនសត្វ Marghazar កាលពីខែឧសភា ដែលជាទីដំរីកាវ៉ាន់រស់នៅ ដោយសារលក្ខខណ្ឌបរិស្ថានមិនបានល្អ។
ក្រោយក្រុមប្រឹក្សាគ្រប់គ្រងសត្វព្រៃប៉ាគីស្ថាន បានអញ្ជើញក្រុមអង្គការ Four PAWS ឱ្យទទួលបន្ទុកមើលសួនសត្វនេះ ដើម្បីផ្លាស់ប្តូរទីលំនៅដោយសុវត្ថិភាពសម្រាប់សត្វព្រៃដែលនៅសេសសល់ក្នុងសួនសត្វនេះ ប៉ុន្តែជាអកុសលមានសត្វតោពីរក្បាលបានងាប់នៅចុងខែកក្កដា នៅក្នុងពេលអ្នកជួយសង្គ្រោះកំពុងរៀបចំផ្ទេរទៅកាន់កន្លែងថ្មី៕