សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ម្នាក់ បានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរបស់គាត់ នាខេត្តសៀមរាប ខណៈក្រសួងសុខាភិបាល ព្រមានពីហានិភ័យការឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើននិងជួបមនុស្សច្រើន ។

បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាបុរសដែលសង្ស័យឆ្លងជំងឺកូវីដ១៩នេះ ជាជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តរបស់គាត់ នៅពេលនោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់មក គាត់បានបន្តធ្វើចត្តាឡ័ស័កនៅកន្លែងស្នាក់នៅតាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡ័ស័ករបស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនមកដល់នៅវេលាយប់ម៉ោងប្រហែល១១៖០០នាទី យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯ លទ្ធផលរំពឹងថា នឹងអាចទទួលបាននៅល្ងាចថ្ងៃដដែល ។

ក្រសួងសុខាភិបាល បន្តថា ទន្ទឹមនឹងការបញ្ជូនវត្ថុសំណាក និង រង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានគេចចេញពីកន្លែងស្នាក់នៅខាងលើរបស់គាត់បាត់តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនមេត្តា ប្រសិនបើបានឃើញ ឬដឹងព័ត៌មានអំពីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំនេះ សូមលោកអ្នក មេត្តាជួយផ្តល់ព័ត៌មានឱ្យបាន ឆាប់ជាទីបំផុតមកអាជ្ញាធរមានសមត្ថកិច្ច (មានការអំពាវនាវស្រាវជ្រាវរករបស់អធិការដ្ឋានស្នងការនគរបាលក្រុង សៀមរាបតាំងពីយប់ម៉ិញ) ឬតាមលេខ ១១៥ ដើម្បីក្រសួង អាចចាត់វិធានការសុ ខាភិបាល បានទាន់ពេលវេលា ហើយបងប្អូនដែលបានប៉ះពាល់ជាមួយបុរសខាងលើនេះ សូមចូលរួមមកបង្ហាញខ្លួន នៅមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដើម្បីរួមគ្នាអាចនឹងបញ្ចៀសបាននូវការចម្លង ចូលសហគមន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor