Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញសត្វរមាំងដែលជិតពូជពីប្រទេសកម្ពុជាជាលើកដំបូងក្នុងអំឡុងពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ នៅដែនជម្រកសត្វព្រៃសំបូរខេត្តក្រចេះ ខណៈ​សត្វ​នេះ​កំពុងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN​។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF កាលពីថ្ងៃទី ២៤ ខែកញ្ញាបញ្ជាក់ថា សត្វ​រមាំង​​ទាំង​​៤​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​តាម​រយៈការប្រើម៉ាស៊ីនថតស្វ័យប្រវត្ត ក្នុងនោះ​មាន​រមាំងញីពេញវ័យចំនួន៣ ក្បាល និងជំទង់​មួយ​ក្បាល​ដែល​កំពុង​រស់នៅ​តំបន់​ការ​ពារ​ធម្មជាតិព្រៃសំបូរខេត្តក្រចេះ។

លោក សេង នៀក នាយកអង្គការ WWF-កម្ពុជា បានលើកឡើងថា ការប្រទះឃើញ​សត្វ​រមាំងទាំងនេះ ជាភស្តុ​តាង​បញ្ជាក់​ពី​ប្រសិទ្ធភាព និងផលនៃកិច្ចការ​គ្រប់​គ្រង​និង​អភិ​រក្ស​តំបន់​ការពារ ហើយបាន​ផ្ដល់​ក្ដី​សង្ឃឹម​ក្នុង​ការ​ការ​ពារ​ប្រភេទសត្វនេះ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្នុងតំបន់។

តាមការប៉ានស្មានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ ២០១៨ ចំនួនសត្វរមាំង នៅ​លើ​​សកល​លោក​មាន​ចំនួន​តិច​ជាង​៧០០ក្បាល ហើយវត្តមានសត្វរមាំងនៅសេចសល់​តិចតួចប៉ុណ្ណោះដែលកំពុងរស់នៅក្នុងតំបន់​ព្រៃ​ការ​ពារ​នានានៅប្រទេសកម្ពុជា។

តាមរយៈការស្រាវជ្រាវជីវចម្រុះឆ្នាំ ២០០៦-២០០៧ ដែនជម្រកសត្វព្រៃសំបូរ និងដែន​ជម្រក​សត្វព្រៃប្រសព្វ ត្រូវ​បានអ្នកវិទ្យាស្រ្តកត់ត្រាវត្តមានក្រុមថនិកសត្វមាឌធំចំនួន ១១​ប្រភេទ ឧរុង្គសត្វ និងល្មូន ចំនួន ៥៦ប្រភេទ រុក្ខជាតិជិត៧០០ប្រភេទ បក្សី ២១៥​ប្រភេទ និងត្រី ចំនួន ២២៣ ប្រភេទ។ លើសពីនេះ ប្រព័ន្ធ​ទន្លេ​និង​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នេះ ជាប្រភពចំណីអាហារ និងសម្រាប់​បង្កើត​ឱកាស​ទាញ​យក​ប្រាក់​ចំណូល​ដ៏​សំខាន់​សម្រាប់​សហ​គមន៍​មូល​ដ្ឋាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor