
(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ជាមន្ត្រីយោធាពាក់សក្កិ៤កន្លះនៅរាជធានីភ្នំពេញ បាញ់គំរាមស្ត្រីម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅស្រុកព្រៃនប់ នាយប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៣០នាទី ចំណុចមុខផ្ទះបុណ្យ០៧ថ្ងៃ ស្ថិតក្នុង ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើយោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ហួរយ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាយប់កើតហេតុខាងលើនេះ មានករណីបាញ់គំរាម មួយករណី នៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យឈ្មោះ ឈ្មោះ ភិន សាយ័ន្ត ហៅណូ ភេទប្រុស មុខរបរយោធា មានទីលំនៅ- រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន០២ គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះ ចៅ វន្នី ភេទស្រី អាយុ ២៥ឆ្នាំមានទីលំនៅដូចកន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តថា ក្រោយពីធ្វើសកម្មភាពភាពរួច ជនសង្ស័យបានបើករថយន្តម៉ាកវុីហ្គូ ពណ៍ស ពាក់ផ្លាកលេខ (រដ្ឋ-..២៤ ចុង) រត់គេចខ្លួនបាត់។
ដោយឡែកចំពោះមូលហេតុដែលឈានដល់មន្ត្រីយោធាធ្វើការបាញ់គំរាមនេះ គេនៅពុំទាន់ដឹងមូលហេតុជាក់លាក់នៅឡើយទេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណជនបង្កត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តអនុវត្តនីតិវិធីប្រើតាមផ្លូវច្បាប់៕




