ជនដៃដល់ដែលវាយសម្លាប់មិត្តភក្តិខ្លួនឯង ដោយញញួរ នៅក្នុងហាង «ផ្ទះនំខេក» សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ ចាប់ខ្លួនបាននៅខេត្តស្ទឹងត្រែង នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ជនដៃដល់ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំខេក ត្រូវចាប់ខ្លួនបាននៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈជនសង្ស័យគេចខ្លួនពីខេត្តស្ទឹងត្រែង ទៅលាក់ខ្លួននៅផ្ទះបងស្រីនៅខេត្តក្រចេះ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកញញួរវាយ ទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ) បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន មូលហេតុដោយសារខឹង ជនរងគ្រោះជេរប្រមាថមកលើខ្លួន។
គួរជម្រាបថា នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបុគ្គលិកហាង «ផ្ទះនំខេក» ម្នាក់ពេលកំពុងបីកូនក្នុងដៃ ស្រាប់តែត្រូវបុគ្គលិកដូចគ្នា យកញញួរមកវាយក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ ស្ថិតនៅចំណុចហាង «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជនរងគ្រោះឈ្មោះ ហន ចាន់រស្មី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងនំខាងលើ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕