(ព្រះសីហនុ)៖ នគរបាលក្រុងព្រះសីហនុបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ (បង្កប់ខារ៉ាអូខេ និងបម្រេីសេវាផ្លូវភេទ)ឃាត់ខ្លួនបានជនសង្ស័យ៩នាក់ រួមជាមួយគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។
ជនជាតិចិនផ្សេងទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋាននោះ ជំនាញកំពុងសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា។
គួរជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕