សង្គម
អាម៉ាប៉ាប៉ាញ៉ូស«ពុំមានការរួចសត្វក្រពើ មកទីសាធារណៈឡើយ គ្រាន់តែមានក្រពើមួយក្បាលបានរួចចេញពីទ្រុងសំណាញ់ទីមួយ ប៉ុន្តែស្ថិតនៅក្នុងបរិវេណកសិដ្ឋានដែលអាចគ្រប់គ្រង និងការពារបានផងដែរ»។ នេះជាការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញកាលពីយប់ថ្ងៃទី ១៥ ខែតុលា។ លោកថ្លែងបែបនេះ បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថា មានសត្វក្រពើមួយក្បាល ទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីកសិដ្ឋានមួយកន្លែង នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដែលកំពុងលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរនោះ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ដូច្នេះថា«សូមចិត្តផង ឈប់ទៅ ទង្វើបែបនេះ ដូចបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយថា ប៉ុន្មានថ្ងៃនេះ ភ្នំពេញ និងនិយាយដោយឡែកភូមិសាស្ត្រមួយចំនួនក្នុងខណ្ឌដង្កោ កំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ ខណៈពេលអាជ្ញាធរ និងកងកំលាំងចម្រុះ រួមទាំងទាហានជើងទឹក នៃបញ្ជាការដ្ឋានកងទ័ព កំពុងខិតខំទាំងយប់ទាំងថ្ងៃជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព មានជនមួយចំនួនបានផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយដោយដាក់ចំណងជើងដើម្បីតែអោយមានការចាប់អារម្មណ៍ថា មានការរួចសត្វក្រពើទំហំប៉ុននេះទំហំប៉ុននោះនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាំអោយមានការភ័ន្តច្រលំ និងភ័យខ្លាចពីប្រជាពលរដ្ឋមួយចំនួន»។
កសិដ្ឋានចិញ្ចឹមក្រពើ ដែលផ្ទុះព័ត៌មានថាមានក្រពើរួចនេះ គឺមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន ចិញ្ចឹមក្រពើសរុបប្រមាណជាង១.០០០ក្បាល៕