header ads

Sponsor

តាមប្រភពពីសារព័ត៌មាន Reuters ដែលចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឱ្យដឹងថា ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ដើម្បី ពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យក្រុមហ៊ុនដែលមានផ្ដល់ផលិតផលឬសេវាកម្មតាមប្រព័ន្ធអនឡាញអនុវត្តតាមបទបញ្ជានៅពេលតែមានការចាំបាច់។

នៅក្នុងច្បាប់ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមិថុនា ឆ្នាំក្រោយនេះ គឺបានហាមឃាត់ក្រុមហ៊ុនអនឡាញមិនឱ្យផ្ដល់ផលិតផលឬសេវាកម្មដល់កុមារនោះទេ ដែលនាំឱ្យពួកគេងប់ងល់។ ក្រុមហ៊ុនដែលផ្ដល់សេវាកម្មអនឡាញទាំងនោះរួមមានដូចជា ហ្គេមការផ្សព្វផ្សាយផ្ទាល់លើអនឡាញ (Livestreaming) ចម្រៀង វីដេអូ និងប្រព័ន្ធទំនាក់ទំនងសង្គម ត្រូវមានមុខងារដែលអាចកំណត់រយៈពេលក្នុងការប្រើប្រាស់អនឡាញនេះ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវតែមានវិធានការក្នុងការទប់ស្កាត់ ការសម្លុតឬធ្វើបាបតាមរយៈអនឡាញ (Cyberbullying) ហើយម្យ៉ាងវិញទៀត ច្បាប់នេះបានផ្ដល់សិទ្ធិទៅឱ្យអាណាព្យាបាលឬឪពុកម្ដាយដើម្បីស្នើសុំឱ្យក្រុមហ៊ុនអនឡាញលុបឬបិទតំណភ្ជាប់ទាំងនោះបានថែមទៀតផងដែរ។

ដោយឃើញពីផលប៉ះពាល់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលអាចឱ្យកុមារភ្លេចការរៀនសូត្រហើយជាពិសេសអាចត្រូវជនខិលខូចលួងលោមកេងប្រវ័ញ្ចផ្លូវភេទផងនោះ ទើបនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែធ្វើការអប់រំ បង្ការ និងបង្ក្រាបបទល្មើសទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដូចជាពេលថ្មីៗនេះនាយកដ្ឋានបានចាត់បញ្ជូនថ្នាក់ដឹកនាំឱ្យទៅចូលរួមជាវាគ្មិនធ្វើបទអន្តរាគមន៍ក្នុងវគ្គបណ្តុះបណ្តាលដែលមានប្រធានបទ ស្តីពី “កិច្ចគាំទ្រកុមាររងគ្រោះ ការស៊ើបអង្កេតបទល្មើស និងការផ្តន្ទាទោសជនល្មើសផ្លូវភេទកុមារតាមប្រព័ន្ធអុីនធឺណិត”។ ជាងនេះទៅទៀតនាយកដ្ឋានក៏បានបង្ក្រាបបទល្មើសជាច្រើនទាក់ទងនឹងការបៀតបៀនកេរ្ត៍ខ្មាស់កុមារ ជាក់ស្តែងកាលពីសប្តាហ៍មុន នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (អតីតជាចៅអធិការវត្ត) នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីផលិត និងរក្សាកាន់កាប់រូបភាពអាសអាភាសកុមារអាយុក្រោម ១៨ឆ្នាំផងដែរ៕ 

ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post