
សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តសៀមរាប៖ នារីម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពីបទ អំពើលួច ទ្រព្យសម្បត្តិ ប្រាក់ និងគ្រឿងអលង្ការ នាថ្ងៃទី២៤ ខែ វិច្ឆិកា នៅក្រុងសៀមរាប។
ជនសង្ស័យ ឈ្មោះ ទ្រី រ៉ូមីហ្សឺ ហៅ ធី នីតា ភេទស្រី អាយុ ១៨ឆ្នាំជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈពេលដែល ជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ ហ្វាស៊ីរ៉ា ភេទស្រី អាយុ២៨ ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរ បុគ្គលិកផ្សារទំនើប មានទីលំនៅភូមិ/សង្កាត់កើតហេតុ ដោយគាត់មិនបាននៅផ្ទះ មានធុរៈចេញទៅខាងក្រៅ ពេលនោះ ជនសង្ស័យ បានធ្វើសកម្មភាព ចូលទៅក្នុងបន្ទប់គេង របស់ ជនរងគ្រោះ ដែលជនរងគ្រោះ មិនបានចាក់សោទ្វារ ហើយបានលួចយកទ្រព្យសម្បត្តិ មួយចំនួនរួមមាន៖
កងដៃឈុត ធ្វើអំពីផ្លាកទីនចំនួន១០កង ដែលមានតម្លៃទឹកប្រាក់ស្មើនឹងចំនួន ៧០០ដុល្លារអាមេរិក។
ខ្សែដៃចំនួន០១ខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីផ្លាកទីន០១ខ្សែ មានទម្ងន់ ០៥ជី តម្លៃ ៥០០ដុល្លារអាមេរិក។
ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌សធ្វើអំពីផ្លាកទីន០១វង់ មានតម្លៃ ៧០ដុល្លារអាមេរិក។
ទូរស័ព្ទ ipad០១គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារអាមេរិក។
ប្រាក់ដុល្លារចំនួន ៤០ដុល្លារអាមេរិក។
ប្រាក់បាតថៃ ចំនួន ២០០បាត។
ប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល។
ទ្រព្យសម្បត្តិទាំងអស់ ជនរងគ្រោះទុកនៅក្នុងទូខោអាវ ដោយមិនបានចាក់សោ។
សមត្ថកិច្ចបានបន្តថា ក្រោយពេលធ្វើ សកម្មភាពរួច បម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន តែឪពុករបស់ជនរងគ្រោះ បានឃើញក៏ឃាត់ខ្លួន ភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ជនសង្ស័យ បានសារភាពថា ពិតជាបានលួចប្រាកដមែន។
បច្ចុប្បន្ន ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកសម្ភារ បានប្រគល់ ទៅម្ចាស់ដេីមវិញ៕