header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីផ្សព្វផ្សាយសៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» ដែលប្រព្រឹត្តទៅនៅសាលមរតកសិល្បៈខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

សៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» គឺជាសមិទ្ធផលស្រាវជ្រាវ ក្រោមការដឹកនាំស្រាវជ្រាវ និងផ្ដល់អនុសាសន៍ដោយផ្ទាល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ដែល បានចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេល៣ឆ្នាំ និងបានគូសបញ្ជាក់អំពីដំណើរឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក ពិសេសចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨។ សៀវភៅនេះចែកចេញជា៣ជំពូក គឺ ជំពូកទី១ ស្ដីពី នយោបាយក្នុងប្រទេស ជំពូកទី២ ស្ដីពី នយោបាយការបរទេស និងជំពូកទី៣ ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា សៀវភៅនេះកើតចេញពីការសិក្សាស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ ហើយត្រូវបានរៀបចំនិងចងក្រងដោយឯកឧត្ដម និងអ្នកស្រាវជ្រាវ៦រូបទៀតរួមមាន រួមមាន បណ្ឌិត ខែក វីរៈ បណ្ឌិត គី សេរីវឌ្ឍន៍ បណ្ឌិត ស៊ឺន សំ លោក ចាន់វណ្ឌី លោក ហេង វីរិទ្ធិ លោក លឹម សុវណ្ណរិទ្ធ និងលោក ផាញ់ សារឿន ដោយបានផ្អែកលើឯកសារ ទិន្នន័យ និងមូលដ្ឋានព័ត៌មានជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងមានការផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យនិងទស្សនៈយល់ឃើញពីក្រសួងស្ថាប័នដែលពាក់ព័ន្ធ ឥស្សរជននានា ស្ថានភាពដែលមានលក្ខណៈបច្ចុប្បន្នភាពនិងជាក់ស្ដែង តាមរយៈជំនួបប្រជុំ ការសង្កេត កិច្ចសម្ភាសន៍ និងការវាយតម្លៃលើតថភាពជាមួយនឹងទ្រឹស្ដីតាមវិស័យនីមួយៗ។ ខ្លឹមសារនៅក្នុងសៀវភៅនេះ ត្រូវបានរៀបចំនិងចងក្រងឡើងដោយផ្ដោតទៅលើ ដំណើរវិវត្តនៃស្ថានការណ៍នយោបាយនៅកម្ពុជា ដំណើរការប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាពលរដ្ឋក្នុងសម័យរាជាណាចក្រទីពីរ ការចូលរួមរបស់យុវជន សមាគមនិងអង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍប្រទេសជាតិ ការធ្វើសមាហរណកម្ម តួនាទីនិងសមិទ្ធផលរបស់កម្ពុជាក្នុងអង្គការតំបន់និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដំណើរវិវត្តរាជធានីភ្នំពេញ ការពង្រឹងមូលដ្ឋានសង្វាក់ផលិតកម្មគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងការជំរុញនិងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈវិធានការគ្រប់គ្រងអតិផរណា វិធានការវិស័យទេសចរណ៍ និងវិធានការវិស័យហិរញ្ញវត្ថុ និងធនាគារជាដើម។

ក្រៅពីគូសបញ្ជាក់អំពីដំណើរវិវត្ត និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាននាអាណត្តិកន្លងមក សៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» ក៏ធ្វើការវិភាគទៅលើស្ថានភាពបច្ចុប្បន្នភាព បញ្ហាប្រឈម និងបានផ្ដល់ជាអនុសាសន៍ ដើម្បីជាធាតុចូលសម្រាប់បន្តការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាពផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post