header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅ ពិធីផ្សព្វផ្សាយសៀវភៅ «មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាព និងឆ្ពោះទៅការអភិវឌ្ឍ ២០០៨-២០១៨» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានដីស្រែ មិនត្រូវលក់ដីស្រែដែលខ្លួនមាននោះទេ ព្រោះនៅពេលខាងមុខនេះ ចិននឹងត្រូវការនាំអង្ករចេញពីកម្ពុជាក្នុងទំហំប្រមាណ២លានតោន។ នេះបើយោងតាមឯកសារដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានទទួលនៅក្នុងកិច្ចការស្រាវជ្រាវ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងជំនាញជាសេនាធិការ ត្រូវត្រៀមលក្ខណៈដើម្បីគ្រប់គ្រងនិងរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីឱ្យកម្ពុជាមានលទ្ធភាពក្នុងការធ្វើកសិកម្ម ពិសេសដំណាំស្រូវសម្រាប់ផលិតជាអង្ករប្រណីត ដើម្បីបំពេញតម្រូវការទីផ្សាររបស់ចិន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍សង្កត់ធ្ងន់ថា «កម្ពុជាត្រូវធ្វើស្រូវឱ្យបានបីដងក្នុង១ឆ្នាំ ទើបអាចធ្វើការផ្គត់ផ្គង់អង្ករទៅកាន់ទីផ្សារចិនបាន»។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែសិក្សាអំពីបទពិសោធរបស់ប្រទេសរីកចម្រើន ពិសេស ប្រទេសជិតខាងកម្ពុជា នៅលើការគ្រប់គ្រងវិស័យកសិកម្ម។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជានឹងប្រគល់តួនាទីក្នុងសិក្សាស្រាវជ្រាវនិងចងក្រងឯកសារពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ជូនដល់វិទ្យាស្ថាន ជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងថែមបានអំពាវនាវដល់អ្នកជំនាញ ដែលមានបំណងចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ ឱ្យចូលរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រង ដើម្បីផ្ដល់ធាតុចូលជូនដល់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post