Sponsor

បាត់ដំបង៖ លោកតា និងលោកយាយ ត្រូវជនមិនស្គាល់មុខដាក់ថ្នាំសណ្ដំឲ្យដេកស្ដូកស្ដឹង រួចរើ កកាយលួចយកទ្រព្យសម្បត្តិកាលពី៣ថ្ងៃមុន ត្រូវកម្លាំងសមត្ថកិច្ចដែលចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យបានខ្លះៗហើយ នេះបើតាមការឲ្យដឹងពីក្រុមគ្រួរសាររបស់ជនរងគ្រោះ កាលព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ហ៊ឹង ហយ អាយុ៨២ឆ្នាំ និងប្រពន្ធឈ្មោះសុត មុំ អាយុ៧៣ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

លោកឯម វត្ថន ជាកូនប្រសាជនរងគ្រោះបានឲ្យដឹងថា ឪពុក និងម្ដាយក្មេករបស់លោកបានធូរស្រាលច្រើនហើយ ហើយត្រូវកូនៗយកគាត់ចេញពីគ្លីនិកឯកជនមួយនៅក្រុងបាត់ដំបង នៅល្ងាចថ្ងៃទី១២ ធ្នូ ទៅសម្រាកព្យាបាលបន្តនៅគ្លីនិកឯកជនរបស់លោកផ្ទាល់ នៅស្រុកថ្មគោល ។

ពេលនេះស្ថានភាពម្ដាយរបស់លោកបានធូរស្រាលអាចដើរបាន តែឪពុករបស់លោកសុខភាពគាត់នៅខ្សោយដែលចាំបាច់ត្រូវដាក់សេរ៉ូមព្យាបាលបន្ត។

ជនរងគ្រោះបានបំភ្លឺថា មុនពេលកើតហេតុ ជនសង្ស័យជាស្ត្រីមានគ្នា០២នាក់ ក្នុងនោះមានម្នាក់អាយុប្រហែល២០ឆ្នាំ និងម្នាក់ទៀតអាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូ០១គ្រឿង តែមិនស្គាល់ម៉ាក ជិះចូលដល់ផ្ទះគាត់។ ដំបូងជនទាំង២នាក់បានធ្វើជាសួរសុខទុក្ខពួកគាត់​ បន្ទាប់មក បានហុចទឹកផ្លែឈើក្រឡុកបង្ខំឱ្យគាត់ទាំង០២នាក់ហូប ។

បន្ទាប់មក ស្ត្រី២នាក់នោះក៏បានហុចក្រូចឱ្យគាត់ទាំង២នាក់ហូបទៀត ពួកគាត់ក៏ចាប់ផ្ដើមទន់ដៃជើងដេកលើការ៉ូរហូតលេងដឹងខ្លួនតែម្ដងទៅ ហើយពួកគេបានរើកកាយរប៉ាត់រប៉ាយពេញផ្ទះ ដើម្បីរកទ្រព្យសម្បត្តិ ។

ជុំវិញករណីដាក់ថ្នាំសណ្ដំតា និងយាយខាងលើនេះ លោកលឹម ពុទ្ធីឡា ស្នងការរងខេត្ត បានឱ្យដឹងថា ករណីដាក់ថ្នាំសណ្ដំនេះ ជនរងគ្រោះបានប្រាប់ថា គាត់បានបាត់ប្រាក់ខ្មែរជាង៦០ម៉ឺនរៀល និងប្រាក់ដុល្លាចំនួន៣០០ដុល្លារ។ ក្រោយធ្វើការស្រាវជ្រាវប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាចោរស្ត្រីទាំង០២នាក់នោះបានខ្លះៗហើយ ពេលនេះកំពុងតាមប្រមាញ់បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor