header ads

Sponsor

ភ្នំពេញ៖ករណីបាញ់បោះ រឿងទាស់សម្តី ដោយអ្នករត់កង់បី និងបក្ខពួកបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់បណ្ដាលឲ្យចំមនុស្ស៣នាក់ស្លាប់ នៅខណ្ឌពោធិសែនជ័យ ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាខ្មាន់កាំភ្លើងដៃឆៅបាញ់សំដៅចំនួន៣គ្រាប់បណ្ដាលឲ្យមនុស្សចំនួន៣នាក់ បានបាត់បង់ជីវិតជាបន្តបន្ទាប់ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះទី១ មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២មាន ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ និងទី៣ មានឈ្មោះ សៀក លឹម ភេទប្រុសអាយុ២៥ឆ្នាំ ។

ចំណែកជនបង្កជាអ្នករត់កង់បី និងបក្ខពួក២នាក់ ទៀត បានរត់គេចខ្លួនបាត់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមកឈប់ចតមួយភ្លែតនៅមុខផ្ទះ ដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា មកពីក្រោយរួចស៊ីផ្លេ ដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដី ដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះ ក៏បានបើកចេញទៅបាត់ ។

ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក អ្នកបើកម៉ូតូកង់បី មកវិញម្ដងទៀត ជាមួយបក្ខពួក ជិះម៉ូតូជាច្រើនគ្រឿង ហើយជម្លោះសម្ដីបន្ថែមទៀតអ្នករត់កង់បីនោះ បានស្ទុះយកកាំភ្លើង ពីបក្ខពួក បាញ់ជនរងគ្រោះទាំង៣នាក់ ម្នាក់ត្រូវមួយគ្រាប់ បណ្ដាលឱ្យស្លាប់នៅកន្លែងកើហេតុម្នាក់ និង២នាក់ទៀតដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ក៏ស្លាប់ដែរ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះមកដល់ពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post