ភ្នំពេញ ៖ អ្នកតាមដានការអភិវឌ្ឍសង្គម លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា ក្នុងនាមជាជនរួមជាតិបើមិនបានជួយអ្វីដល់ប្រទេសទេ មិនគួរបន្ថែមការលំបាកដល់ប្រទេសជាតិឡើយ។ ការលើកឡើងនេះដោយលោកបានភ្ជាប់ជាមួយនិងសកម្មភាពរបស់អាជ្ញាធរ និងមន្រ្ដីសុខាភិបាល ដែលកំពុងតែបំពេញភារកិច្ចយ៉ាងសកម្ម ដែលប្រឈមផ្ទាល់ជាមួយនិងជំងឺកូវីដ១៩ ប៉ុន្ដែប្រជាជនមិនព្រមនៅផ្ទះហើយនៅតែធ្វើសកម្មភាពចេញក្រៅ។

ជាងនេះលោកបន្ដថា បើសិនជាប្រជាជនខ្លាចស្លាប់ព្រោះជំងឺកូវីដ១៩ គឺគ្រាន់តែសំងំនៅផ្ទះនឹងអាចរស់។ ប៉ុន្ដែសម្រាប់មន្រ្ដីរាជការ អាជ្ញាធរ និងមន្រ្ដីសុខាភិបាល ពួកគាត់មិនអាចសំងំយកសុខម្នាក់ឯងបានទេ គឺពួកគាត់បានបំពេញការងារ យ៉ាងសស្រាក់ស្រាំការពារជីវិតប្រជាជន តើហេតុអ្វីប្រជាជនមិនអាចធ្វើបានដោយគ្រាន់តែសំងំនៅផ្ទះមិនចេញក្រៅនោះ។

លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះថា ៖«យើងទាំងអស់គ្នាខ្លាចកូវីដ។ យើងសំងំនៅផ្ទះបានហើយយើងរស់។ ក៏ប៉ុន្ដែអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ គ្រូពេទ្យជូរមុខទាំងអស់គាត់ក៏ខ្លាចកូវីដដែរ។ ក៏ប៉ុន្ដែគាត់មិនអាចនៅផ្ទះដើម្បីសេចក្ដីសុខនិងជីវិតគាត់បានទេ គាត់ត្រូវតែចេញបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ពួកគាត់។ អញ្ចឹងត្រង់នេះបានន័យថា ម៉េច! បានន័យថា ពួកគាត់បានយកជីវិតពួកគាត់ទៅប្ដូរយកជីវិតឲ្យយើងទាំងអស់គ្នា ចុះយើងត្រឹមតែនៅផ្ទះ នៅឲ្យស្ងៀមទៅនៅបានអត់! នៅដំណាក់កាលនេះបរិភោគបាយជាមួយទឹកត្រី ទឹកស៊ីអ៊ីវក៏រស់ដែរ ដំណាក់កាលនេះ»។

ការលើកឡើងរបស់អ្នកតាមដានការអភិវឌ្ឍសង្គមរូបនេះ ខណៈដែលលោកបានសង្កេតឃើញថា មានប្រជាជនកម្ពុជាមួយចំនួននៅតែបន្ដបំពានវិធានការនានារបស់រាជរដ្ឋាភិបាល ខណៈដែលប្រទេសកំពុងស្ថិតក្នុងការបិទខ្ទប់ ហើយពិសេសគឺក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅកំពុងត្រូវបានបិទខ្ទប់។ យ៉ាងណាលោកទទូចដល់ប្រជាជនសូមគោរពការណែនាំហើយធ្វើតាមវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងពេលដែលប្រទេសជាតិកំពុងជួបការលំបាក៕

ប្រភព ៖ BAYON Radio

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor