(ខេត្តស្វាយរៀង)៖ ហាងផឹកស៊ី និងបៀរហ្គាឌិននៅក្នុងក្រុងស្វាយរៀង ដែលបើកធ្វើអាជីវកម្មនិងទទួលភ្ញៀវឲ្យចូលផឹកស៊ី ត្រូវបានអាជ្ញាធរក្រុងស្វាយរៀង ចុះអប់រំណែនាំនិងកុំឲ្យមានបើកលក់នូវគ្រឿងស្រវឹងដែលមានការប្រមូលផ្តុំគ្នាខណៈនៅខេត្តស្វាយរៀង កំពុងផ្ទុះការឆ្លងរាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល «៣ ការពារ ៣ កុំ »។
ហើយការចុះអប់រំណែនាំខាងលើនេះធ្វើឡើងនៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលដឹកនាំដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោចៅសង្កាត់ និងកម្លាំងនរគបាលក្រុង បានចុះផ្អាកជាបណ្តោះអាសន្ន ហាងផឹកស៊ីចំនួន៣កន្លែងគឺ: យីហោ បៀរហ្គាឌិនខ្យល់ទន្លេ, ហាងលក់គ្រឿងក្លែមគ្រប់មុខ យីហោ ណារិនសំណាង, និង ហាងលក់គ្រឿងក្លែម សុខា លីសា ត្រង់ចំណុចផ្លូវមាត់ទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ឯកឧត្តម តូច ប៉ូលីវ៉ា បានណែនាំដល់ម្ចាស់ហាងនិងអ្នកបម្រើការងារក្នុងហាង ព្រមទាំងភ្ញៀវចូលផឹកស៊ី ដើម្បីឲ្យយល់ដឹងពីជំងឺរាកត្បាតនៃមេរោគកូវីដ-១៩ ដ៏កាចសាហាវ និងអនុវត្តវិធានការ "៣ការពារ ៣កុំ" ។ ហើយឲ្យម្ចាស់ហាងបើកលក់បានតែវិចខ្ចប់ប៉ុណ្ណោះហាមចូលអង្គុយក្នុងហាងជួបជុំ និងអោយម្ចាស់ហាងធ្វើកិច្ចសន្យាបិទអាជីវកម្មបណ្តោះអាសន្ន រង់ចាំអាជ្ញាធរអនុញ្ញាតិពីក្រសួងទេសចរណ៍ជាថ្មី ។
គួររំលឹកផងដែរថា៖ ខេត្តស្វាយរៀងមាន អ្នក ជំងឺ កូវីដ-១៩ ចំនួន សរុប ៩៣០នាក់ ស្រី ៥៤៧នាក់ (ជនជាតិខ្មែរ: ៨៨៦នាក់, ជនជាតិបរទេស: ៤៤នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៤៦៣នាក់ ស្រី២២២នាក់ អ្នកជំងឺស្លាប់០៦នាក់(ជា ជនជាតិ ខ្មែរ) ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព ចំនួន 4,390នាក់ ស្រី 1,280នាក់ ។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,399នាក់ ក្នុង នោះ អ្នក បញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,318នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 70នាក់។ លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 8,890នាក់ ស្រី 3,640នាក់ និងយកសំណាកលើកទី២ សរុប 2,290នាក់ ស្រី 859នាក់ ហើយ និងយកសំណាកលើកទី៣ សរុប 46នាក់ ស្រី25នាក់ ៕ ដោយ:ស្វាយរៀង