header ads

Sponsor

នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ។

សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា តាមរយៈបណ្តាញសង្គមជាពិសេសប្រព័ន្ធហ្វេសប៊ុក ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរម្យ ក្នុង
ប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទំនាក់ទំនងនិងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូល ព័ត៌មានបន្ថែម។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និង ប្រមូលបានព័ត៌មានជាបឋមមួយចំនួនដូចខាងក្រោម៖

១. សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

២. តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង សង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ /ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ
តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។

៣. តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែក ស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ ដែលតែង យកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ប្រកបដោយសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួងនឹងធ្វើការហើយតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់៕

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post