ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះស្វែងរក ជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹកនៅជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងកើតជាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១។
ក្រោយពីប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសាកសពបុរសជាជនរងគ្រោះហើយ នៅចន្លោះស្ពានអង្គការម្លប់តាប៉ាង ទៅស្ពាន ភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលនេះកម្លាំងសម្ថកិច្ចកំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ។
ជាមួយគ្នានេះអាជ្ញាធរប្រកាសថា ក្នុងករណីប្រជាពលរដ្ឋឬផ្នែកណាមួយដែលមានសមាជិកគ្រួសារឬសមាជិកក្នុងក្រុមបាត់ខ្លួនក្នុងពេលមានជំនន់ទឹកភ្លៀងកាលពីយប់មិញ សូមរាយការណ៍ពីអត្តសញ្ញាណមកកាន់អាជ្ញាធរដើម្បីមានមូលដ្ឋានស្វែងរក៕
ពីលោក ឡេង ប៊ុននី