header ads

Sponsor

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ តាមការបញ្ជាទិញ និងការដឹកជញ្ជូនដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហមដោយផ្ទាល់ ដោយរាល់ការដឹកជញ្ចូនជាបន្ទុករបស់រដ្ឋបាលខេត្ត ។

សម្រាប់អ្នកដឹកជញ្ជូនមានចំនួន ២២៣នាក់ ដែលមកពីក្រុមការងារ « តោះទៅលេងសៀមរាប » ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង ហើយអ្នកដឹកជញ្ជូនទាំង២២៣នាក់នេះ បានធ្វើតេស្តរកកូវីដ-១៩រួចហើយ ដែលទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែអាចតម្រូវឱ្យធ្វើតេស្តក្នុងចន្លោះពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃម្តង ឬ ១៥ថ្ងៃម្តង អាស្រ័យលើបច្ចេកទេស ឬការកំណត់របស់ក្រសយងសុខាភិបាល។

រដ្ឋបាលខេត្ត សុំឲ្យមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះគឺដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង និង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់មានប្រសាសន៍ថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ហើយឯកឧត្ដមក៏បានសុំឲ្យមានការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត ។
សូមបញ្ជាក់ថា៖កាលពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា "តំបន់ក្រហម" នៅក្នុងភូមិសាស្ត្រភូមិ និង សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ជាបណ្តោះ អាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមាន ៖ សង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ , ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ និង "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post