សង្គម
លោក ខេង គុយលី ជាកូនអ្នកខេត្តពោធិ៍សាត់ ក៏ជាអតីតពលករឆ្លងដែនមួយរូប ដែលទៅធ្វើការនៅប្រទេសថៃអំឡុងឆ្នាំ២០១០ ពោលគឺមុនពេលមកជួបនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងបានធ្វើការងារជាមួយគ្នាចាប់ពីឆ្នាំ២០១៧ ដែលលោក គុយលី ធ្លាប់ធ្វើការងារចម្រុះជាច្រើន ដូចជាធ្វើសំណង់ កាត់ស្មៅ ធ្វើនៅរីសត និងធ្លាប់ជាកម្មករចិញ្ចឹមបង្កងផងដែរ។
ឥឡូវនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពេញបំណងកូនចៅរបស់ខ្លួនគឺលោកគុយលីនេះហើយ នូវរថយន្តម៉ាក Ford Ranger Wildtrak ថ្មីសន្លាងមួយគ្រឿង ធ្វើឲ្យសាមីខ្លួនរំភើបស្ទើរតែហោះបាត់ទៅហើយ ដោយធ្លាប់តែជិះឡាន Pick Up ហាលខ្យល់ ហាលភ្លៀង មិននឹកស្មាន មិនទាំងស្រមៃថាបានជិះឡានបែបនេះ ៖
«សមាជិកថ្មី អរគុណបងប្រុសអ្នកឧកញ៉ា ដែលធ្វើឲ្យប្អូនមានថ្ងៃនេះ អរគុណគ្រប់យ៉ាងបើគ្មានបងទេខ្ញុំគ្មានថ្ងៃនេះទេ ប្រហែលជារសាត់អណ្ដែតដល់ណាទេ។ ប្អូនសូមគោរពជូនពរបងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារមានសុភមង្គល និងសុខភាពល្អ»
នេះអាចនិយាយបានថាមានលទ្ធផលបែបនេះ របស់អតីតពលករនៅស្រុកថៃរូបនេះ គឺមិនមែនជាការកើតឡើងដោយភាពចៃដន្យ ឬបែរបន់នោះទេ គឺដោយភាពស្មោះត្រង់ និងការតស៊ូ ទើបអាចមានថ្ងៃនេះ ក្រោយជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
គួររម្លឹកថា កន្លងទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានបញ្ជាក់ហើយថា មូលហេតុលោកសម្រេចយកគុយលី មកធ្វើការជាមួយ ព្រោះតែ គុយលី គឺជាពលករម្នាក់ដែលមានការតស៊ូ និងគួរឲ្យអាណិត ដែលគួរតែត្រូវបានការជួយជ្រោមជ្រែង និងកាន់តែពិសេសទៀតនោះគឺភាពស្មោះត្រង់តែម្ដង ៕