header ads

Sponsor

បើតាមការគ្រោងទុក នៅព្រឹកថ្ងៃស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធ​ផល​នៃគម្រោងការពារទឹកជំនន់ និងកែ​លម្អ​ប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ដែល​ជា​ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹក​ជញ្ជូន​រាជធានីភ្នំពេញ។

គម្រោងការពារទឹកជំនន់ និងកែ​លម្អ​ប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិ​សាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាអស់ចំនួន ៣ ៦៨០ ៦០៨ ០០០យ៉េនជប៉ុន ត្រូវជាប្រមាណ ៣៦លានដុល្លាអាម៉េរិក ។ សម្រាប់ការងារដែល​បានអនុវត្ដន៍ក្នុង​គម្រោង​នេះ រួមមាន៖ ១-ស្ថាបនាដាក់បណ្តាញលូខ្នាតធំ ប្រវែង ១២.៦គីឡូម៉ែត្រ។ ២-សាង​សង់​អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំ​បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ មានសមត្ថភាពស្តុកទឹកបាន ៦ ៥០០ ម៉ែត្រគូប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។

៣-បំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹក​ក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុម្មុខ។

៤-ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

មន្រ្ដីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា តាម​រយៈនៃការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១​កន្លងមក ឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រឹតក្រោម ៤០មីលីម៉ែត្រ ក្នុង១ម៉ោង តំបន់​ដែល​ធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧, ផ្លូវលេខ ៩០, ផ្លូវលេខ ៩២, ផ្លូវលេខ ៥៩៦, ផ្លូវលេខ ៥៩២, ផ្លូវលេខ ៣១៥, ផ្លូវលេខ ២៨៩, ផ្លូវលេខ ២៨៧, ផ្លូវលេខ ៦០៨, ស្តុប​ផ្សារ​មាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី និងស្តុបផ្ទះសំណាក់ស្រែលាបគឺមិនលិចលង់​ទៀត​ទេ។ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មីលីម៉ែត្រក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់​រយៈ​ពេល ៣ម៉ោង ទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទី ទៅ១ម៉ោង​ប៉ុណ្ណោះ៕ ប្រភព៖ មន្ទីរសាធារណការរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post