header ads

Sponsor

CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាវ៉ូវីណាមពិភពលោក ឆ្នាំ២០១៩ កីឡាការិនី ពៅ សុខា បានចាត់ទុកម្ចាស់ផ្ទះវៀតណាមជាគូប្រជែងធំបំផុតសម្រាប់ កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលនឹងដំណើរការចាប់ពីថ្ងៃទី១២ ដល់ទី២៣ ខែឧសភា។

ពៅ សុខា ជាកីឡាការិនីម្នាក់ដែលមានបទពិសោធច្រើនលើឆាកអន្តរជាតិ ពោលគឺទាំងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងជើងឯកពិភពលោកជាដើម។ ដោយឡែកការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ កីឡាការិនីរូបនេះបានបង្ហាញជំនឿចិត្តថា រូបគេនឹងអាចឈ្នះមេដាយណាមួយជូនជាតិមិនខានឡើយ។

បើទោះមានជំនឿចិត្តខ្ពស់បែបនេះក្ដី ក៏កីឡាការិនីខាងលើបានមើលឃើញ និងចាត់ទុកម្ចាស់ផ្ទះជាគូប្រជែងដ៏ធំបំផុតសម្រាប់ខ្លួន។ «ប្រទេសដែលជាគូប្រជែងធំបំផុត ជាក់ស្តែងគឺប្រទេសវៀតណាម ព្រោះគាត់ជាម្ចាស់ក្បាច់គុនផង និងជាម្ចាស់ផ្ទះទៀត ហើយសម្រាប់ដៃគូប្រជែងផ្សេងទៀតមាន ភូមា ឡាវ និងឥណ្ឌូណេស៊ី សុទ្ធតែជាដៃគូប្រជែងចាស់ដែលខ្ញុំត្រូវបារម្ភ ព្រោះធ្លាប់ប្រកួតប៉ះគ្នារហូត»។ នេះជាការលើកឡើងរបស់ ពៅ សុខា។

ម្ចាស់មេដាយមាស២គ្រឿងឆ្នាំ២០១៩ រូបនេះបានបន្ថែមថា ៖«សម្រាប់មេដាយខ្ញុំសង្ឃឹម គ្រាន់តែកម្រិតមេដាយណាខ្ញុំមិនហ៊ាននិយាយដែរ។ សម្រាប់ចំនុចខ្វះខាត ខ្ញុំគិតថា យើងមិនសូវជាមានបញ្ហា ឬប៉ះពាល់ខ្លាំងនោះទេ ព្រោះក្រុមកម្ពុជាយើងមានលោកគ្រូបរទេសនៅបង្ហាត់ផ្ទាល់ គឺអាចនិយាយថា នាងខ្ញុំមានការបារម្ភខ្លាំងទៅលើផ្នែកស្មារតីនៅពេលឡើងទីលានប្រកួតឯនោះវិញ ព្រោះដោយសារតែយើងខកខានចូលរួមក្នុងការប្រកួត ២ឆ្នាំជាងហើយ។ ការខកខានចូលរួមនេះ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ពេលចាប់ផ្តើមប្រកួតវិញនៅក្នុងព្រឹត្តិការណ៍មួយដែលធំប្រចាំតំបន់ ដូចនេះនាងខ្ញុំគិតថា អ្វីដែលលំបាកគឺនៅសល់តែចំនុចផ្នែកស្មារតីពេលប្រកួតនេះទេ»។

សុខា ជាកីឡាការិនីម្ចាស់មេដាយមាស២គ្រឿងក្នុងការប្រកួតជើងឯកវ៉ូវីណាមពិភពលោកលើកទី៦ ដែលធ្វើនៅកម្ពុជាកាលឆ្នាំ២០១៩ ព្រមទាំងជាម្ចាស់មេដាយសំរឹទ្ធចំនួន៣គ្រឿងក្នុងព្រឹត្តិការណ៍ដដែលនេះផងដែរ។ កីឡាការិនីស្រស់សោភា រូបនេះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម លើវិញ្ញាសាចំនួន ៣ គឺ មេគុណដាវនារី, សម្ដែងដាវនារី២នាក់ និងសម្ដែងនារី២នាក់គ្មានអាវុធ៕

ប្រភព៖ Cambodia2023​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post