
សង្គម
យុវជនពេជ្រ ចន្ទ្រា ហៅពេជ្រ ម៉ូន ជាកូនកសិករសុទ្ធសាធ ដែលរស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិច រយៈពេល៤ឆ្នាំ និងទើបតែបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ លើជំនាញផ្នែកគណិតវិទ្យានិងការស្រាវជ្រាវលើលំហរអាកាស ព្រមជាមួយគ្នានេះដែរ ពេជ្រ ម៉ូន ក៏ទទួលបានជំនាញបើកបរយន្តហោះផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះគឺជីដូនបាននាំយកខ្សែគោ និងក្រមាពីស្រុកខ្មែរដាក់ជាប់ខ្លួនពីស្រុកខ្មែរ ទៅដល់សហរដ្ឋអាមេរិចដើម្បីជារង្វាន់ជូនចៅប្រុស ក្នុងថ្ងៃបញ្ចប់ការសិក្សា ពីបណ្ឌិតសភា យោធាអាមេរិក ដែលខ្សែគោ និងក្រមានេះ គឺជាមរតកអនុស្សាវរីយ៍ របស់យុវជន ពេជ្រ មូន បានប្រើប្រាស់ជាប់ជា ប្រចាំ ពេលគេនៅកុមារភាព លើដីជនបទនៅស្រុកកំណើត ពេលនេះជីដូនបានប្រគល់ជូនចៅវិញហើយជារង្វាន់ជូនចៅថ្ងៃទទួលសញ្ញាបត្រ និងផ្ដាំចៅថា៖ «ទោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ»។
សារដ៏មានអត្ថន័យខាងលើនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសប្រជាជនកម្ពុជា ចូលរួមបញ្ចេញមតិអបអរសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការតស៊ូរបស់យុវជនរូបនេះ ហើយលើសពីនេះសម្តេចតេជោ ក៏បានចូលរួមបញ្ចេញមតិផងដែរថា៖ “គាត់ធ្វើនេះ ជាការរំលឹកមួយចំពោះចៅ កុំឱ្យភ្លេចពីការលំបាករបស់យើង។ តាសូមជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន”៕
នេះជាមោទនភាពសម្រាប់ខ្ញុំ ដែលពេជ្រ មូន ជាជនរួមឈាម រួមជាតិជាមួយគ្នា ដែលអ្នកជំនាន់ក្រោយមិនគួរមើលរំលងនោះគឺ ការតស៊ូព្យាយាម មិនខ្ជិល មានសេចក្ដីថ្លៃថ្នូរ មានចិត្តអំណត់អត់ធ្មត់ មានសច្ចៈភាព មានគោលដៅច្បាស់លាស់ក្នុងជីវិត ហ៊ានដាក់ជីវិតដើម្បីភាពជោគជ័យ ប្រកបដោយគុណធម៌ និងសីលធម៌។
គួរជម្រាបជូនផងដែរថា ចំពោះថ្លៃមួយការបញ្ចប់ការសិក្សានេះថ្លៃប្រមាណ៥០ម៉ឺនដុល្លារ ហើយថ្លៃធានារ៉ាប់រង៤០ម៉ឺនដុល្លារផ្សេងទៀត ហើយទោះមានតែថវិការក៏មិនអាចរៀនបានដែរ ទាមទារការឆ្លងកាត់សម្រិតសម្រាំងខ្លាំងពីខាងសាលា៕