header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សិល្បៈបុរាណតាំងពីដូនតាមកនេះ គឺពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់ ដែលបានបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយសិល្បៈបុរាណនេះគឺយើងដាច់ខាតមិនអាចបំភ្លេចបានទេ ដែលយុវជនខ្មែរគ្រប់រូប ត្រូវជួយលើកស្ទួយសិល្បៈបុរាណនេះកុំឱ្យបាត់បង់ឱ្យសោះ។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ធ្លាប់បានលើកឡើង ក្នុងឱកាស រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី «តន្ត្រីខ្មែរយើង» ដែលបានរៀបចំឡើងកាលពី ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះថា៖​

« ក្រសួងវប្បធម៌ ក៏កំពុងតែខិតខំខ្លាំងណាស់ ក្នុងការបង្កើតសាលាវិចិត្រសិល្បៈ សាលាសូនរូប សាលាបុរាណវិទ្យា និងសាលាជាច្រើនផ្សេងៗទៀត ដើម្បីបន្តនូវចំណេះដឹងសិល្បៈដូនតាឱ្យបានកាន់តែបន្តទៅមុខទៀត ខណៈបច្ចុប្បន្ននេះវិស័យសិល្បៈបុរាណចម្រុះដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោនយីកេ។ល។ គឺមានការដើរនៅខ្សោយណាស់ បើប្រៀបធៀបនិងសិល្បៈសម័យ ដូច្នេះហើយក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ជាយុវជន ត្រូវតែជួយលើកតម្កើងទាំងអស់គ្នា ចូលរួមថែរក្សាទាំងអស់គ្នានូវអ្វីដែលជារបស់ខ្មែរយើង »។​

ដោយមើលឃើញពីការធ្លាក់ចុះប្រជាប្រិយភាពនៃវិស័យសិល្បៈបុរាណខ្មែរ ក៏ដូចជាដើម្បីចូលរួមថែរក្សា លើកស្ទួយ និងការពារសិល្បៈបុរាណឱ្យគង់វង្សជានិរន្តរ៍ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ រួមទាំងថវិកាមួយចំនួនទៀត ប្រគល់ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីកែលម្អ និងជួសជុលបន្ទប់ទឹកមួយចំនួនដែលមានការខូចខាត និងបាក់បែកសម្ភារប្រើប្រាស់មិនកើត ព្រមទាំងជួយសម្រួលដល់ជីវភាពសិស្សានុសិស្សក្រីក្រប្រមាណជាង ១០០នាក់ មកពីបណ្ដាខេត្តនានាដែលបាននឹងកំពុងតែស្នាក់នៅ និងសិក្សាក្នុងសាលាផ្ទាល់។​

​នេះគឺផ្នែកមួយនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមួយដែលអភិវឌ្ឍលំនៅឋានឈានមុខគេ ប្រកបដោយស្ដង់ដារខ្ពស់ និងគុណភាពល្អ រួមជាមួយនឹងសួនបៃតង ដើមឈើធំៗជាច្រើន ហេដ្ឋារចនាសម្ព័ន្ធធំទូលាយល្អ ខណៈក្រុមហ៊ុនក៏បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ដែលក្នុងនោះ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចូលរួមថែរក្សាទៅលើវិស័យវប្បធម៌ សិល្បៈ គឺជាយុទ្ធសាស្រ្តចម្បងធំមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀតនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

ថ្លែងក្នុងកម្មវិធីទទួលអំណោយនេះ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ « សាលាមធ្យមវិចិត្រសិល្បៈ គឺជាសាលាក្របខណ្ឌរដ្ឋមួយ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបច្ចុប្បន្ននេះសាលាកំពុងផ្ដល់នូវថ្នាក់បណ្ដុះបណ្ដាលផ្នែកសិល្បៈជាច្រើនដូចជា ថ្នាក់របាំបុរាណ របាំប្រពៃណី ចម្រៀងបុរាណ និងសម័យ ល្ខោនខោល អាយ៉ៃ ចាប៉ីដងវែង ថ្នាក់សូនរូប ថ្នាក់សំដែងសៀក សាលាតូរ្យតន្រ្តី ។ល។ ​ដោយមានតម្រូវការខ្វះខាតទៅលើសម្ភារគាំទ្រការសិក្សា កញ្ចប់ថវិកាដើម្បីជួសជុលកែលម្អបន្ទប់ទឹកប្រើប្រាស់ គ្រូស្ម័គ្រចិត្តផ្នែកភាសារបរទេស និងស្បៀងឧបភោគបរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាតរបស់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ ពិសេសចែកជូនដល់សិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងបរិវេណសាលា។ ហេតុដូច្នេះហើយសាលាទន្ទឹងរង់ចាំស្វាគមន៍នូវរាល់ជំនួយសប្បុរសធម៌ពីបណ្ដាមជ្ឈដ្ឋានក្រុមហ៊ុន ស្ថាប័ន​ឯកជន និងអង្គការនានា ដែលមានទឹកចិត្តចង់បរិច្ចាគ ឬចូលរួមឧបត្ថម្ភមកសាលា។ ​លោកក៏បានសំណូមពរឱ្យយុវជន ក៏ដូចជាបណ្តាក្រុមហ៊ុនទាំងអស់ ជួយលើកស្ទួយសិល្បៈបុរាណទាំងអស់គ្នា កុំលើកស្ទួយតែសិល្បៈសម័យខ្លាំងពេក សូមជួយលើកស្ទួយសិល្បៈបុរាណឱ្យបានច្រើន ដើម្បីកុំឱ្យមានគម្លាតខុសគ្នាឆ្ងាយពេក រវាងសិល្បៈបុរាណ ដែលជាសិល្បៈរបស់ជាតិ និងសិល្បៈសម័យដែលភាគច្រើនជាសិល្បៈរបស់ប្រទេសជិតខាង។

លោកនាយកសាលា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សាលាដែលអំណោយទាំងអស់នេះគឺពិតជាបានជួយសម្រួលបន្ទុកខ្វះខាតដល់សាលាបានមួយផ្នែកធំផងដែរ​ » ។​

លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានចំណាប់អារម្មណ៍ដូច្នេះថា៖ « ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមឧបត្ថម្ភនូវអំណោយទាំងអស់នេះដល់សាលា និងក្មួយៗសិស្សានុសិស្សដែលកំពុងមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងស្នាក់នៅក្នុងសាលានេះ។  ជាការពិតណាស់ការងារសង្គមក្នុងវិស័យវប្បធម៌ និងសិល្បៈនេះ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមកន្លងមក ហើយទិសដៅក្រុមហ៊ុនទៅមុខទៀត គឺនឹងរីករាយសហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាលាសិល្បៈផ្សេងៗទៀត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌និងសិល្បៈប្រពៃណីខ្មែរ។ 

លោកក៏បានថ្លែងបន្តទៀតថា ដោយការស្រឡាញ់ និងការមានចិត្តចូលរួមថែរក្សាវប្បធម៌សិល្បៈបុរាណខ្មែរ យើងខ្ញុំចង់ឱ្យប្រជាជនខ្មែរជាពិសេសយុវវ័យយល់ដឹងឱ្យបានកាន់តែច្រើនអំពីភាពអស្ចារ្យរបស់វប្បធម៌សិល្បៈប្រពៃណីខ្មែរ ហើយត្រូវ ចូលរួមជួយគាំទ្រឱ្យបានទាំងអស់គ្នាកុំឱ្យសាបរលាបនិងបាត់បង់» ។

ក្នុងខណៈទទួលអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប សាលាមធ្យមវិចិត្រសិល្បៈក៏បានរៀបចំសម្តែងសិល្បៈទស្សនីយភាពនៃរបាំបុរាណ របាំប្រពៃណី និងប្រគុំតន្ត្រីស្រាលជូនប្រតិភូតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ទស្សនាប្រកបដោយបរិយាកាសរីករាយផងដែរ។

សូមបញ្ជាក់ផងដែរ៖ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប ធ្លាប់បានចូលរួមការងារសង្គមជាច្រើន ដែលរួមមាន៖ ការងារអប់រំ ការងារបរិស្ថាន និងការងារសហគមន៍ (ការងារសុខុមាលភាព សហគមន៍ និងវិស័យវប្បធម៌) ក្នុងនោះក្រុមហ៊ុនបានសាងសង់វត្តអារាម ព្រះវិហារ កុដិតាជី យាយជី ខ្លោងទ្វារ និងរបងវត្ដជាដើម៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post