(ភ្នំពេញ)៖ ជិត បី ទសវត្សរ៍ នៃសង្គ្រាមស៊ីវីលរ៉ាំរ៉ៃដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជាពោរពេញដោយ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។ ការប៉ាន់ប្រមាណថា គ្រាប់មីនមិនទាន់ច្បាស់ពី ៤លាន ទៅ ៦លានគ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងទៀត នៅតែមាននៅក្នុងប្រទេស ហើយបន្តធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់ និងរបួសរៀងរាល់ឆ្នាំ។

ទោះជាយ៉ាងនេះក្ដី នៅក្នុងអំឡុងពេលជាង ពីរ ទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័ រួមទាំងមាន ការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឡើងដល់ឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ហើយប្រាថ្នាថា នឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០។ ជាមួយគ្នានេះសេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវកំណើនជាមធ្យមចំនួន  ៧.៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ ១៩៩៨ និង ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសដែល សេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។

ប៉ុន្តែរហូតមកដល់ពេលនេះ មានតំបន់មួយចំនួនទៀតកំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន កប់ដី  ដែលនៅសេសសល់ពីសង្គ្រាម។  កាលពីចន្លោះឆ្នាំ១៩៧៩  និង  ឆ្នាំ២០២១  របាយការណ៍អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជាបង្ហាញថា  មានជនរងគ្រោះស្លាប់ និង របួសចំនួន ៦៤,៩៥០នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩,៨០៦នាក់ ដោយសារគ្រាប់មីន កប់ដីទាំងនោះ។

ដូច្នេះ ដើម្បីចូលរួមថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដើម្បីឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។  

សូមរំលឹកផងដែរថា រហូតមកដល់ពេលនេះ ខេត្តដែលនៅតែមានបញ្ហាគ្រាប់មីនច្រើនជាងគេនោះ គឺ ខេត្តមួយចំនួនដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ហើយជាពិសេសនោះ គឺខេត្តបាត់ដំបង ព្រមទាំងបណ្តាស្រុកចំនួន ២១ទៀត នៅតាមបណ្តោយព្រំដែននេះ។

សូមបញ្ជាក់ផងដែរ៖ កន្លងមក និងថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមក្នុងការងារសង្គមជាច្រើន រួមមាន៖  ការងារបរិស្ថាន អប់រំ និងការងារសង្គម (វប្បធម៌ សុខុមាលភាព  និងសហគមន៍) និងសាងសង់ផ្ទះជូនធោធិនពិការ ។ល។

ជាពិសេសថ្មីៗនេះ ក្រុមហ៊ុន បានសហការបង្កើតទិវាច្បារអំពៅដែលផ្ដោតសំខាន់ធំៗចំនួនពីរគឺ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុន ដើម្បីកៀរគរថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងកម្មវិធីបរិច្ចាគឈាម ដើម្បីឆ្លើយតបដល់អ្នកជំងឺជាច្រើននាក់ ដែលកំពុងសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា  និងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងចូលរួមលើកកម្ពស់វិស័យសុខាភិបាល និងការនាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រប្រមាណជាង ១០០នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor