ខេត្តក្រចេះ៖ នារីម្នាក់ជាអ្នកបកប្រែភាសាចិន ត្រូវបានចរន្តអគ្គិសនីឆ.ក់បណ្ដាលឱ្យបាត់បង់ជីវិត ខណៈដេកលើទូរស័ព្ទដែលកំពុងបញ្ចូលភ្លើង កាលពីព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុចភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស (ស៊ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើ «ជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូល ភ្លើងបណ្ដាលឱ្យឆក់ស្លាប់នៅក្នុងបន្ទប់» ។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យលើសាកសព និងពិនិត្យជុំវិញកន្លែងកើតហេតុ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះនារីរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយជនរងគ្រោះស្លៀកខោសេីម ហើយដេកលេីហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ក៏បណ្ដាលឱ្យឆក់ស្លាប់តែម្ដង ៕