ខេត្តតាកែវ ៖ មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តមួយគ្រឿងសង្ស័យក្នុងស្ថានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្តាឲ្យភាគីខាងគោយន្តស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
តាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់បានបញ្ជាក់ឱ្យសារព័ត៌មានដឹងថា រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លា.ប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃ និងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាង លិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេក ទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសគួរសង្វេកតែម្តងទៅ។
បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕