
សង្គម
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះមក ភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ណែនាំដល់ពលរដ្ឋម្នាក់ដែលជាអ្នកសូនរូប ហើយបានសូនរូបសម្ដេចតេជោទាំងមិនដឹងថានេះជាការធ្វើខុស មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅ មកសូនបែបនេះ។
ពលរដ្ឋដែលបានសូនរូបទទួលស្គាល់កំហុសរបស់ខ្លួន ហើយសារភាពថា ដោយសារតែការស្រលាញ់ ដឹងគុណ ទាំងមិនបានយល់ដឹង មិនបានស្វែងយល់ច្បាស់ ហើយយល់ព្រមកែរូបទៅជារូបផ្សេងដែលមាន ឬទ្ធី បារមីតេជះ។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ជូនចំពោះបងប្អូនដែលគោរពស្រលាញ់ សម្ដេចតេជោ សូមឱ្យមាននៅក្នុងចិត្ត បើកាលណាយើងសាកសង់ ស្មិត សូន ចម្លាក់ គឺមិនអនុញ្ញាតនោះទេ ព្រោះជាការខុសឆ្គង ដោយសារការធ្វើមិនបានដឹងអំពីរបៀបរបប អំពីទំនៀមទំលាប់ អំពីប្រពៃណី និងអំពីអត្ថន័យនៃការធ្វើ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ឱ្យដឹងទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយើបុគ្គលឡើយ លោកជាថ្នាក់ដឹកនាំដែលតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ លោកបានតម្កល់សេចក្ដីសុខទុក្ខប្រជាពលរដ្ឋជាធំ លោកជាថ្នាក់ដឹកនាំដែលសាមញ្ញ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅផ្ទាល់គ្រប់កាលៈទេសៈជាមួយប្រទេសជាតិ ប្រឈមគ្រប់បញ្ហាទាំងអស់។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សំណូមពរដល់អ្នកដែលយករូបដែលបានសូននេះទៅបង្ហោះតៗគ្នា សូមលុបចេញជាបន្ទាន់ផង ដើម្បីជៀសវាងនូវការខុស ព្រោះថ្នាក់ដឹកនាំកំពុងតែដឹកនាំប្រទេស លោកកំពុងនៅជាម្លប់សម្រាប់យើងទាំងអស់គ្នា ហើយដូចដែលយើងបានដឹងហើយ ពាក្យថារូបសំណាក គឺជាការទាញសាកយកមកនូវរូបភាពដើម ជាការតម្កល់ទុកនូវការចងចាំ៕





