
សិល្បៈ
ដូចការគ្រោងទុកតារាសម្តែង លី ចាន់សីហា បានសម្រេចភ្ជាប់ពាក្យជាមួយលោក ទិត្យ ចន្ថា ដែលជាបុរសពោះម៉ាយនៅក្នុងថ្ងៃទី ២៥នេះដែលជាថ្ងៃខួបកំណើតរបស់នាងថែមទៀត ។ ពិធីភ្ជាប់ពាក្យរបស់ លី ចាន់សីហា បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមជូនពរ ពីសំណាក់សាច់ញាតិ និងមិត្តភក្តិជាច្រើន។
ក្នុងឈុតកូនក្រមុំបែបបុរាណពណ៌ផ្ទៃមេឃស្រាល លី ចាន់សីហា ពិតជាស្អាតប្លែកហើយ កូនកម្លោះក៏សង្ហាមិនធម្មតាដែរមើលទៅស័ក្តិសមគ្នាតែម្តង ។ គូដណ្តឹង លី ចាន់សីហា មានវ័យ៣៩ឆ្នាំ ជាអ្នកជំនួញម្នាក់ដែលមុននឹង ឈានដល់ការភ្ជាប់ពាក្យនេះពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាពីរឆ្នាំក្រោយពីនាងចែកផ្លូវជាមួយអតីតស្វាមីហើយមូលហេតុដែលតារាសម្តែង លី ចាន់សីហា សម្រេចជ្រើសយកលោកជាគូជីវិតដោយសារលោកស្រឡាញ់ក្រុមគ្រួសារនាងជាពិសេសកូនស្រីជាទីស្រឡាញ់របស់នាងតែម្តង ។ ជាមួយនឹងពិធីភ្ជាប់ពាក្យរបស់ លី ចាន់សីហា ក៏ទទួល បានការចូលរួមជូនពរពីសំណាក់មិត្តភក្តិនិងសាច់ញាតិជាច្រើន ។
ដោយសារថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ លី ចាន់សីហា ក្រៅពីទទួលបានការបំពាក់ ចិញ្ជៀនពេជ្រ នាងក៏ទទួលបានកាដូពិសេសបន្ថែមដែលមាន ខ្សែកពេជ្រ និងក្រវិលពេជ្រ តម្លៃរាប់ម៉ឺនដុល្លារពីសំណាក់អនាគតស្វាមីផងដែរ។ សម្រាប់ល្ងាចនេះ លី ចាន់សីហា ក៏មានរៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកដោយអញ្ជើញមិត្តរួម អាជីពចូលរួមច្រើនផងដែរ ៕







