
សិល្បៈ
ពិតជាគួរឱ្យរីករាយណាស់ពេលនេះតារាកំប្លែង វ៉ាន់ នីឡា បានសម្រាលកូនដោយជោគជ័យនៅមុន នេះ នៅមន្ទីរពេទ្យឯកជនល្បីមួយ។ ជាមួយការទទួលបានសមាជិកថ្មីដ៏គួរឱ្យស្រឡាញ់របស់តារាកំប្លែងរូបនេះ ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន ។
នៅមុននេះបន្តិចស្វាមីរបស់ វ៉ាន់ នីឡា បានបង្ហាញរូបភាពមួយសន្លឹករបស់ វ៉ាន់ នីឡា និង កូនស្រីដោយបញ្ជាក់ថាពេលនេះភរិយានិងកូនស្រីរបស់លោកមានសុវត្ថិភាពហើយ ។ ជាមួយគ្នានោះដែរ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាឪពុករបស់ វ៉ាន់ នីឡា ក៏បាន បង្ហាញអារម្មណ៍រំភើបក្រោយបានឃើញមុខចៅស្រីដ៏គួឬឱ្យស្រឡាញ់ លោកបាន ចែករំលែករូបភាពរួមនឹងសារដែលមានអត្ថន័យថា «ចៅទី២ កូនរបស់កូនស្រីនីឡា។ សូមសុខសប្បាយណាចៅ»។
បើតាមស្វាមីរបស់ វ៉ាន់ នីឡា បានឱ្យដឹងថា ពេលនេះ វ៉ាន់ នីឡា និងកូនស្រីមានសុខភាពល្អ ជាធម្មតា ។ក្នុងនោះក៏មានការចូលរួមសាទរពីសំណាក់មហាជននិងអ្នកគាំទ្រស្រឡាញ់តារា កំប្លែង វ៉ាន់ នីឡា ជាច្រើន ។
អ្នកគាំទ្រខ្លះលើកឡើងថា កូនស្រីរបស់ វ៉ាន់ នីឡា មានមុខមាត់ គួរឱ្យក្នាញ់ណាស់មើលទៅទម្រង់មុខស្រដៀងនាងតែម្តង ។ វ៉ាន់ នីឡា និង ស្វាមីក៏បានត្រៀមឈ្មោះ យ៉ាងពីរោះសម្រាប់កូនស្រីដំបូងថា Mera។ សម្រាប់ការសម្រាលកូនដំបូង របស់ តារា វ័យក្មេងរូបនេះក៏ទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់ឪពុកម្តាយបង្កើតនិងឪពុកម្តាយក្មេក ដែលមើលទៅពិតជាកក់ក្តៅជាខ្លាំង។ អ្វីដែលជាភាពរីករាយនៅក្នុងគ្រួសាររបស់ តារាកំប្លែង វ៉ាន់ នីឡា គឺនៅថ្ងៃទី ១១ ម្សិលមិញភរិយាបងប្រុសច្បង របស់នាងក៏ទើបសម្រាលបានកូនស្រីមួយផងដែរ ។
គេចាំបានថា វ៉ាន់ នីឡា បានចូលរោងការជាមួយស្វាមីវ័យស្របាលគ្នាកាល ពីអំឡុងចុងខែមីនាកន្លងទៅយ៉ាងអធីកអធមនៅសណ្ឋាគារលំដាប់ផ្កាយប្រាំសុខាបន្ទាប់ពីនាងបានអាក់ ខានការរៀបការជាច្រើនដងដោយសារជំងឺកូវីដ ១៩ វាយលុក ។ អ្វីដែលកត់សម្គាល់ក្រោយ សម្រាលកូនរឹងដៃរឹងជើងតារាកំប្លែងវ័យក្មេងរូបនេះក៏មានគម្រោងនឹងត្រលប់មកជួបមហាជនជាថ្មីឡើងវិញតាមរយៈការសម្តែងកំប្លែងវិញ ៕







