
សិល្បៈ
ធ្មេចបើកៗកូនប្រុស តារាសម្តែង កែវ ពេជ្រពិសី មានវ័យមួយខួបទៅហើយដែលនាងនិង ស្វាមីបានរៀបចំពិធីខួបកំណើតយ៉ាងសាមញ្ញឱ្យកូនប្រុសដោយមានការអញ្ជើញមិត្តភក្តិជិតដិតតែប៉ុន្មាននាក់ប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍ទោះមិនមែនជាពិធីធំដុំ តែមើល ទៅមានភាពកក់ក្តៅ និងរីករាយជាខ្លាំង ។
ក្នុងឈុតរ៉ូបពណ៌ខ្មៅគេសង្កេតឃើញថាតារាសម្តែង កែវ ពេជ្រពិសី មានរូបរាងស្គមស្តើងជាង មុនដែលកាន់តែធ្វើឱ្យសម្រស់របស់អ្នកនាងផូរផង់ថែមមួយកម្រិតទៀត ។ នៅក្នុងថ្ងៃខួបកំណើតកូនប្រុសជាទីស្រឡាញ់ កែវ ពេជ្រពិសី និងស្វាមីបានបង្ហាញនូវទឹកមុខរីករាយ ពោរពេញទៅដោយក្តីសុខ ដែលក្នុងនោះគេឃើញមានអ្នកចូលរួមភាគច្រើនជាអ្នកស្និទ្ធស្នាល ដែលមានដូចជាតារាសម្តែង លី ម៉ារីណា សារាយ សក្ខណា និងស្វាមីជាដើម ។
នៅក្នុងថ្ងៃពិសេសនេះ កែវ ពេជ្រពិសី ក៏បានជូនពរកូនប្រុសឱ្យមានសុខភាពល្អ និងឆ្លាតវាងវែ ទៀតផង ។ខុសពីមិត្តភក្តិសិល្បៈនានា កែវ ពេជ្រពិសី មិនសូវបង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងគ្រួសារតាមបណ្តាញសង្គមឡើយបើទោះគេដឹងថាជីវិតគូរបស់អ្នកនាងនិងស្វាមីកំពុងរស់នៅពោរពេញទៅដោយសុភមង្គលក្តី ។
កន្លងមកក៏ធ្លាប់មានការបង្ហើបថា ក្រោយរឹងដៃរឹងជើង តារាសម្តែង កែវ ពេជ្រពិសី គ្រោងនឹងនាំកូនប្រុសទៅរស់នៅប្រទេសអូស្រ្តាលីជាមួយស្វាមី។ សព្វថ្ងៃ កែវ ពេជ្រពិសី ហាក់ផ្តាច់ខ្លួនពីអាជីពសម្តែង តែយ៉ាងណាអ្នកនាងធ្លាប់ អះអាងថានៅតែស្រឡាញ់ការងារនេះហើយកន្លងមកក៏មានផលិតកម្មមួយចំនួនទាក់ទងដែរ តែអ្នកនាងមិនទទួលដោយសារមិនត្រូវតំណែង និងតម្លៃខ្លួន ។
គេចាំបានថាក្រោយស្ពាយជាអ្នកមេម៉ាយប្រមាណជាជិត ១០ ឆ្នាំតារាសម្តែង កែវ ពេជ្រពិសី បានសម្រេចភ្ជាប់ស្នេហ៍ជាថ្មីជាមួយបុរសឯនាយសមុទ្រដែលមានវ័យ ប្រមាណ៥០ឆ្នាំកាលពីអំឡុងខែឧសភា ឆ្នាំ ២០២០ កន្លងទៅជាលក្ខណៈស្ងប់ស្ងាត់ដោយពិធីភ្ជាប់ពាក្យនោះផ្គួបជាមួយពិធីឡើងគេហដ្ឋានថ្មី និង ថ្ងៃខួបកំណើតរបស់អ្នកនាងហើយនៅក្នុងខែកញ្ញា ២០២១អ្នកនាងក៏សម្រាលបានកូនប្រុសម្នាក់។រហូតមកដល់ពេលនេះអ្នកនាង កែវ ពេជ្រពិសី ហាក់មិនមានលេចឮដំណឹងរៀបការអ្វីឡើយ ៕













