header ads

Sponsor

ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនគួរឱ្យសម្គាល់ ទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្ដី ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជាមានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។  ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា មានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកជាច្រើនបានមកស្វែងរកឱការវិនិយោគក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានប្រទេសម៉ាឡេស៊ីផងដែរ ជាមួយនឹងការប្តេជ្ញាពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាឱ្យខាងតែបាននាថ្ងៃអនាគតដ៏ខ្លី។ ជាក់ស្តែង ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី (MRCA) រៀបចំកម្មវិធីបេសកកម្មពាណិជ្ជកម្មចំនួន ៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ៣០ ខែសីហា រហូតដល់ ថ្ងៃទី៣ ខែកញ្ញា នេះដែលនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនារវាងក្រុមហ៊ុននៅកម្ពុជានិងក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលរំពឹងថានឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត។​​​  

នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចនៅក្នុងថ្ងៃទីបី ក្រោមការដឹកនាំដោយ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី  និង ដាតុ វីនសិន ឈូ (Dato Vincent Choo) អនុប្រធានសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ដើម្បីស្វែងរកឱកាសសហការក្នុងការវិនិយោគជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ខណៈក្រុមហ៊ុន ក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយសមាគមបណ្ដាញលក់រាយម៉ាឡេស៊ីផងដែរ។ 

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ប៉េង ហួត គ្រុប មានប្រសាសន៍ថា៖ « ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី មិនត្រឹមតែបានពង្រឹងចំណងមិត្តភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ   ជាក់ស្តែង មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានចូលមកបណ្ដាក់ទុកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនរបស់កម្ពុជាជាច្រើនដែលបានស្វែងរកសេវាកម្ម និង ទិញទំនិញពីប្រទេសម៉ាឡេស៊ី។ ក្នុងនោះក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុបផងដែរ ដែលបានទិញទំនិញមួយចំនួនពីប្រទេសម៉ាឡេស៊ី និងប្រើប្រាស់សេវាកម្មមួយចំនួនពីអ្នកជំនាញម៉ាឡេស៊ី ។ » ​ ​

លោកឧកញ៉ាបានបន្ថែមទៀតថា គ្រប់គ្នាគឺបានឆ្លងកាត់បទពិសោធន៍ ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែនៅក្នុងគ្រប់វិបត្តិទាំងអស់សុទ្ធតែបង្កប់នូវឱកាសជាច្រើន ហើយសង្ឃឹមថាពីដំណើរទស្សនកិច្ចរយៈពេលបួនប្រាំថ្ងៃនេះ សមាជិករបស់សមាគមបណ្ដាញលក់រាយម៉ាឡេស៊ីនឹងរកឃើញឱកាសសហការ វិនិយោគជាមួយគ្នា ឬក៏ត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគនៅពេលអនាគតបន្ថែមទៀត។

លោកឧកញ៉ាក៏បានសម្ដែងនូវអំណរគុណចំពោះដំណើរទស្សនកិច្ច និងសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតនូវរាល់ឱកាសសហការគ្នាជានិច្ចរវាងសមាជិករបស់សមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប នាពេលអនាគត។ ​  ​

នៅក្នុងមតិចំណាប់អារម្មណ៍របស់លោក ដាតុ វីនសិន ឈូ (Dato Vincent Choo) អនុប្រធានសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី បានសម្ដែងនូវភាពភ្ញាក់ផ្អើលចំពោះការចុះទស្សនកិច្ចកមកាន់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដោយក្នុងនោះលោកបានកោតសរសើរ ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលអភិវឌ្ឍសំណង់ជាច្រើនដូចជា ផ្សារទំនើប អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) សួនកម្សាន្ត ភីអេច យូរ៉ូផាក (PH Euro Park) និងអគារជួលជាច្រើនទៀត ជាពិសេសគឺលំនៅឋានប្រកបដោយសោភ័ណភាពស្រស់ស្អាត ជាមួយម៉ូតផ្ទះប្រណិត និងប្លែកៗ រួមជាមួយបរិស្ថាន និងដើមឈើបៃតងដ៏ទាក់ទាញ។ ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប បែបនេះ លោកសន្យាថា សមាគមបណ្ដាញលក់រាយម៉ាឡេស៊ីនឹងខិតខំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​ ដើម្បីជំរុញដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ផ្សេងទៀត មកសហការជាមួយក្រុមហ៊ុនកម្ពុជាឱ្យកាន់តែច្រើន ដើម្បីកសាងប្រទេសកម្ពុជាឈានទៅជាប្រទេសដែលរីកចម្រើននាពេលអនាគត។

សូមបញ្ជាក់ផងដែរ គោលបំណងសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មពីប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ សមាគមបណ្ដាញលក់រាយម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជាពិសេសក្នុងការអភិវឌ្ឍអាជីវកម្មលក់រាយឱ្យមានភាពទូលំទូលាយក្នុងប្រទេសកម្ពុជា៕

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post