
សិល្បៈ
មិនមែនមានតែបវរកញ្ញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុណ្ណោះទេ នៅមានបវរកញ្ញា ប៉ូ គីមថេងសុទ្ធធីតា សេង រដ្ឋា និងបវរកញ្ញាមួយរូបទៀតមិនទាន់បានទម្លាយអត្តសញ្ញាណត្រៀមប៉ះគ្នាជាលើក ដំបូងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង« អប្បរាមហាអង្គរ»ដែលដឹកនាំដោយផលិតករដ៏ល្បី ហ្វៃ សំអាង ។
ជឿជាក់ថាមហាជនពិតជាបានជ្រាបខ្លះៗហើយថាថ្មីៗនេះផលិតករដែលមានឈ្មោះបោះសំឡេង ឯកឧត្តម ហ្វៃ សំអាង បានឱ្យដឹងថាMiss Grand Cambodia 2022 ដែលកំពុងមាន វត្តមាននៅប្រទេសឥណ្ឌូនេស៊ី គឺជាតួសំខាន់ម្នាក់នៅក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ហង្សមាស ។ អ្វីដែលចាប់អារម្មណ៍ក្រៅពីបវរកញ្ញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឯកឧត្តម ហ្វៃ សំអាង បានបង្ហើបពីបរវកញ្ញា ពីររូបផ្សេងទៀតដែលនឹងត្រូវចូលរួមសម្តែងនៅក្នុងរឿងនេះគឺបវរកញ្ញា ប៉ូ គីមថេងសុទ្ធធីតា សេង រដ្ឋា។ ការលើកឡើងរបស់ផលិតកររូបនេះបានធ្វើឱ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលព្រោះរឿងមួយនេះសុទ្ធតែស្រីស្អាតដែលមានងារជាបរវរកញ្ញាចូលរួមសម្តែងរួមគ្នាជាលើកដំបូង។
ឯកឧត្តម ហ្វៃ សំអាង បានរៀបរាប់ត្រួសៗថា «ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវសម្តែងជាតួអង្គ ដែលមានឈ្មោះថាឆោម ឆវី និងតួនាង ឆោម ឆផ្កា ។ដោយឡែក ប៉ូ គីមថេងសុទ្ធធីតា ដែលជាអតីត Miss Grand Cambodia 2021សម្តែងជា ព្រះជាយាទី១ដែលជាអង្គក្សត្រីមានព្រះហរទ័យធំទូលាយប្រៀបបាននឹងលំហមេឃ ជ្រៅជាងជ្រោះ ល្វឹងល្វើយដូចមហាសមុទ្រ ស្វែងរកព្រះជាយាមកថ្វាយព្រះ ភស្តា អ្នកណាក៏កោតស្ញប់ស្ញែងនិងសរសើរ ។ ប៉ូ គីមថេងសុទ្ធធីតា ជាតួអង្គដែលមានព្រះនាមថា កែវ មណី មានព្រះរូបឆោមលោមពណ៌ល្អល្អះគួរឱ្យគយគន់ ។
ដោយឡែក Miss Grand Cambodia 2020 សេង រដ្ឋា ត្រូវបានជ្រើសរើសសម្តែងនៅក្នុងខ្សែភាពយន្តភាគខ្នាតធំមួយនេះដែរដោយកញ្ញាត្រូវសម្តែងជាតួអង្គពីរដែលមានព្រះរាជចរិយាខុសគ្នាដូចមេឃ និងដី ជារាជបុត្រីដែលមានព្រះនាមថា ព្រះធីតា វរនន្ទ អម្ពរពេជ្រ ព្រះធីតា វរនន្ទ អម្ពរមាសហើយ និយាយពីព្រះរូបឆោមវិញដូចជាស្រីទេពអប្សរច្បុតមកពីឋានសួគ៌។ សម្រាប់បវរកញ្ញាម្នាក់ទៀតឯកឧត្តម ហ្វៃ សំអាង មិនទាន់ប្រាប់ពីអត្ត សញ្ញាណនៅឡើយទេ ដោយចង់ឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើល ។
ខ្សែភាពយន្តខ្នាតធំមួយនេះមិនទាន់ដំណើរការថតនៅឡើយទេ តែតាមរយៈការរៀបរាប់ ត្រួសៗធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថាជាខ្សែភាពយន្តខ្នាតធំដំបូងដែលប៉ះគ្នាសុទ្ធតែស្រីស្អាតងារជាបវរកញ្ញា ។ ខ្សែភាពយន្តរឿង« អប្បរាមហាអង្គរ«នេះដែរនឹងចាក់ផ្សាយនៅទូរទស្សន៍ ហង្សមាស៕










