
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងខណៈកូនពីរនាក់ទៅហើយទើបតារាចម្រៀង អ៊ាម វន្នី ដឹកដៃ ភរិយាទៅចុះសំបុត្រអាពាហ៍ពិពាហ៍នឹងរៀបការតែអ្វីដែលពិសេសលោកនឹងភរិយា បានទៅ រៀបការនៅទឹកដីសហរដ្ឋអាមេរិកឯណោះ ។
ពេលនេះដែរពិធីរៀបមង្គលការរបស់តារាចម្រៀង អ៊ាម វន្នី និងភរិយាបានប្រព្រឹត្តទៅតាម គម្រោងនៅទឹកដីអាមេរិកតាំងពីថ្ងៃទី22ម្លេះដោយលោកបញ្ជាក់ថាមានបងប្អូនខ្មែរដែលរស់នៅទីនោះចូលរួម អបអរយ៉ាងកុះករដែលធ្វើឱ្យលោក និងភរិយាកាន់តែរំភើបថែមមួយកម្រិតទៀត ។
ហើយក្នុងនោះក៏មានការជូនពរឱ្យជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរកាន់តែមានសុភមង្គល។ខ្លះទៀតក៏បានលាន់មាត់សរសើរដល់តារាចម្រៀងដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះដែលស្ងាត់ៗដឹកដៃភរិយាទៅរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នៅដល់ទឹកដីអាមេរិកពិតជាមិនធម្មតាមែន ។ បើគិតមកដល់ពេលនេះតារាចម្រៀង អ៊ាម វន្នី បានរួមរស់ជាមួយភរិយាប្រមាណជា ១០ឆ្នាំហើយក៏មានកូនដល់ទៅពីរនាក់ហើយដែរ ។
សព្វថ្ងៃតារាចម្រៀង អ៊ាម វន្នី និងភរិយា កំពុងស្ថិតនៅទឹកដីអាមេរិកនៅឡើយ ។ មិនទាន់មានការ បញ្ជាក់ថាលោកនឹងត្រឡប់មកស្រុកខ្មែរវិញនៅពេលណាឡើយ ។ ស្ថិតនៅក្នុងទឹក ដីអាមេរិកលោក អ៊ាម វន្នី ក៏បានបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីតាមការអញ្ជើញរបស់បងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនឹងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះ ៕








