
សង្គម
ទើបតែមានឈ្មោះបោះសំឡេងក៏ពិតមែន តែកម្លោះសង្ហាសម្បូរមន្តស្នេហ៍ ថុល សុភិទិ ត្រូវគេ ទទួលស្គាល់ថាជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងហើយតម្លៃខ្លួនក៏ខ្ពស់មិនចាញ់រៀមច្បងប៉ុន្មានឡើយ ។ អ្វីដែលចាប់អារម្មណ៍កម្លោះសង្ហារូបនេះក៏ត្រូវបានហ្វេន ហ្វេន ផ្គូផ្គងលោកជាមួយអ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា តែយ៉ាងណាលោក ថុល សុភិទិ អះអាងថាមិនអាចទៅរួចទេ ប៉ុន្តែលោកនិងក្រុមគ្រួសារមិនបានប្រកាន់រឿងមេម៉ាយអ្វីឡើយ ។
មានការចេញមុខច្រានចោលជាបន្តបន្ទាប់ពីទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង ពេជ្រ សូលីកា ក្តីតែអ្នកគាំទ្រនៅតែមិនអស់ចិត្តព្រោះតារាចម្រៀងស្រីប្រុសមួយគូនេះមើលទៅស័ក្តិសមគ្នាបើទោះខុសជំនាន់បន្តិចក្តី ។ រាល់ពេលដែលពួកគេចាប់គូរួមគ្នាម្តងៗតែងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាខ្លាំង ។ មួយវិញទៀត ពេជ្រ សូលីកា ក៏ចេញមុខជ្រោមជ្រែងតារាចម្រៀងពន្លកថ្មី ថុល សុភិទិ តាមរយៈការនិពន្ធបទចម្រៀងឱ្យថែមទៀត ។
អ្វីដែលកត់សម្គាល់កម្លោះសង្ហាសម្បូរស្នាមសាក់រូបនេះបានទទួលស្គាល់ថាលោក និង តារាចម្រៀង ពេជ្រ សូលីកា ពិតជាមានភាពស្និទ្ធស្នាលពិតមែនដោយក្នុងនោះលោកបានហៅពេជ្រ សូលីកា ថា ពេជ្រ ដែលស្តាប់ហើយពិតជាស្វីតខ្លាំងតែម្តង ។
តាមរយៈការផ្តល់បទសម្ភាសនៅក្នុងសារព័ត៌មានមួយ ថុល សុភិទិ ថារវាងលោក និង ពេជ្រ សូលីកា ពិតជាមិនអាចទៅរួចទេមិនថាពេលនេះឬអនាគតលោកហ៊ាននិយាយបែបនេះ ប៉ុន្តែយ៉ាងណាក្រុមគ្រួសារលោកមិនបានប្រកាន់រឿងមេម៉ាយអ្វីទេព្រោះមេម៉ាយក៏ជាស្រីដែរគ្មានអ្វីរើសអើងទេ ។
ច្រានចោលទំនាក់ទំនងជាមួយ ពេជ្រ សូលីកា ក្តី តែ ថុល សុភិទិ បាននិយាយថាលោកមិនទាន់មានម្ចាស់បេះដូងទេព្រោះលោកមិនទាន់ចង់គិត ។ សម្រាប់លោកពេលនេះចង់ផ្តោតទៅ លើការងារសិល្បៈជាសំខាន់។ លោកថែមទាំងបានព្រលយថានឹងមានអ្វីៗថ្មីៗជូនអ្នកគាំទ្រនៅក្នុងពេលឆាប់ៗនេះ ៕











