
សង្គម
គ្រាន់តែបែកពីអ្នកមេម៉ាយ សេង សុឃីម មិនប៉ុន្មានផងតារាចម្រៀង នាយចឺម បានងាកមក ស្និទ្ធស្នាលជាមួយអតីតគូស្នេហ៍ អូនហ្វា យ៉ាងពេញទំហឹងដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួន សង្ស័យ នាយចឺម ចង់វិលរកសង្សារចាស់ ខណៈចុងក្រោយនេះ អូន ហ្វា លែងឃើញបង្ហោះសារផ្អែមល្ហែមជាមួយគូស្នេហ៍ដែលជាទាហានដែលកំពុងរស់នៅសហរដ្ឋអាមេរិក ។
ក្រៅមានងារជាបុរសសម្បូរស្នេហ៍ នាយចឺម ក៏មានចំណុចពិសេសដែលបុរសៗមិនតិចទេ ចង់ដឹងព្រោះថាទោះបីចែកផ្លូវជាមួយគូស្នេហ៍ដែលសុទ្ធតែជាស្រីស្អាតទៅហើយក្តី តែ នាយ នៅតែបន្តការរាប់អាននិងស្និទ្ធស្នាលគ្នាជាធម្មតា ។
យ៉ាងណាមិញក្រោយបែកពី សេង សុឃីម នាយចឺម បានងាកមកកៀកកើយជាមួយអតីតគូស្នេហ៍ដែលមានដូចជា អៀ ម៉េងលិ និង អូន ហា្វ ហើយថ្មីៗនេះនាយបានបង្ហាញរូបភាពជាមួយអូន ហ្វា ថែមទៀត តែក្នុងនោះ នាយចឺម បានបញ្ជាក់ច្បាស់ថាជាការងារប៉ុណ្ណោះ ។
រូបភាពរបស់ នាយចឺម និងអតីតគូស្នេហ៍ទីបី អូនហ្វា ដែលបានបង្ហាញនៅក្នុងហ្វេសប៊ុកបាន ធ្វើឱ្យអ្នកគាំទ្រខ្លះលើកឡើងបែបលេងសើចថា នាយចឺម ពូកែណាស់រកសង្សារថ្មីមុខដូច សង្សារចាស់ ឯខ្លះទៀតគិតថាអ្នកទាំងពីរអាចនឹងត្រូវគ្នាវិញហើយ ។ ក្នុងនោះក៏មានបុរសមិន តិចទេចង់ដឹងថាតើ នាយចឺម មានអាថ៌កំបាំងអ្វីដែលធ្វើឱ្យអតីតគូស្នេហ៍នៅតែអាចមើលមុខ គ្នាចំនិងស្និទ្ធស្នាលគ្នាជាធម្មតាបែបនេះ ។ ប៉ុន្តែយ៉ាងណា នាយចឺម បានប្រកាសជាចុងក្រោយថាឈប់ចង់បានគូស្នេហ៍ជាអ្នកសិល្បៈទៀតហើយ ។
ជាមួយគ្នានោះ អូនហ្វា ក៏ត្រូវបានគេដឹងថានាងមានគូស្នេហ៍ថ្មីហើយជាទាហានវ័យក្មេងនៅ សហរដ្ឋអាមេរិកដែលនាងបាននិយាយថាគូស្នេហ៍របស់នាងនឹងចុះមកស្រុកខ្មែរនៅចុងឆ្នាំ នេះតែម្តង ៕