
សិល្បៈ
តារាសម្តែងរូបសង្ហា ខាត់ វ៉ៃហាំង ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុសលំដាប់ ជួរមុខដែលមានទាំងសម្រស់និងសមត្ថភាពដែលសព្វថ្ងៃនេះលោកកំពុងមានទីផ្សារការងារខ្ពស់នៅក្នុងការសម្តែងរឿងភាគទូរទស្សន៍និងស្ប៉តពាណិជ្ជកម្មនានា។ អ្វីដែលកត់សម្គាល់ថ្មីៗនេះតារា សម្តែងរូបសង្ហាម្នាក់នេះត្រូវបានអ្នកគាំទ្រខមិនរិះគន់ចំៗតែយ៉ាងណាលោកមិនបានបង្ហាញ អារម្មណ៍ខឹងសម្បារអ្វីឡើយ បែរជាប្រើបោះពាក្យអរគុណទៅវិញ។
ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំតារាសម្តែងលោក ខាត់ វ៉ៃហាំង កម្រពើបប្រទះរឿងអាស្រូវ ណាស់។ លោកតែងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រចំពោះទេព កោសល្យសម្តែងហើយដៃគូដែលស័ក្តិសមជាមួយលោកនោះគឺស្រីស្អាត ស៊ិន យូប៊ីន។ ថ្មីៗនេះអ្នក ទាំងពីរក៏ត្រៀមនឹងបង្ហាញរឿងថ្មីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនដែលមានចំណងជើងថា «លួចស្នេហ៍គូដណ្តឹង »។
អ្វីដែលកត់សម្គាល់មានការចាប់អារម្មណ៍ដោយថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមមួយបានចូលទៅខមិនត្រង់ៗដោយមិនទុកមុខចំពោះ លោក ខាត់ វ៉ៃហាំង និង ស៊ិន យូប៊ីន ថា «ជួបក្រៅហើយឬកណាស់ទាំងពីរអាយដលគាំទ្រខុសមនុស្ស»។
មិនមែនជាលើកដំបូងទេកន្លងមកតែងលេចឭពាក្យបែបនេះពីសំណាក់មហាជនជាញយដង ។ អ្វីដែលចាប់អារម្មណ៍ទោះជាមានការខមិនបែបនេះក្តី តែលោក ខាត់ វ៉ៃហាំង មិនបានខឹងសម្បារអ្វីឡើយលោកបានតបទៅវិញបែបសុភាពបុរសថា «អរគុណ»។ ជាមួយនឹងពាក្យសម្តីទន់ភ្លន់របស់ បុរសសង្ហារូបនេះបានធ្វើឱ្យ ហ្វេន ហ្វេនៗជាច្រើនលាន់មាត់ ថាលោក ខាត់ វ៉ៃហាំង ពិតជាចិត្តធ្ងន់គួរឱ្យសរសើរមែន ។
ងាកមកជីវិតឯកជនរបស់តារាសម្តែង ខាត់ វ៉ៃហាំង ឯណេះវិញបើទោះកន្លងមកលោកនិង ស្រីស្អាត ស៊ិន យូប៊ីន តែងបង្ហាញភាពស្អិតរមួតយ៉ាងស៊ីជម្រៅជាមួយគ្នារាប់ឆ្នាំនិងបានអះ អាងថាពួកគេទាំងពីរស្គាល់ពីគ្នាទៅវិញទៅមកដូចមនុស្សតែមួយក៏ពិតមែន តែតារាទាំងពីរដួងនៅតែបញ្ជាក់ថាមិនទាន់ច្បាស់លាស់ពីររឿងអនាគតជាមួយគ្នានោះទេ ៕









