
សង្គម
ធ្មេចបើកធ្មេចបើកកូនភ្លោះដ៏គួរឱ្យស្រឡាញ់របស់ នាយក្រឹម និង ស្រីលាភ មានអាយុ ៥ឆ្នាំ ដែលប្តីប្រពន្ធតារាកំប្លែងមួយគូនេះក៏បានរៀបចំពិធីខួបកំណើតឱ្យកូនស្រីទាំងពីរយ៉ាងរីករាយនិងពោរពេញទៅដោយសុភមង្គល ។
មិនខុសពីរាល់ឆ្នាំឡើយ នាយក្រឹម និង ស្រីលាភ បានរៀបចំពិធីខួបកំណើតឱ្យកូនស្រីភ្លោះទាំងពីរដែលមានឈ្មោះថា លីណា និង លីសា កាលពីថ្ងៃទី ២៣ យប់មិញនេះ។ បើទោះពិធីខួបគម្រប់អាយុ ៥ឆ្នាំរបស់កូនភ្លោះតារាកំប្លែងទាំងពីរមិនមានភាពហ៊ឹកហ៊ាក់ ក្តី តែតាមរយៈរូបភាពជាលក្ខណៈគ្រួសារនិងការតុបតែងពិធីមើលទៅពិតជាគួរឱ្យស្រឡាញ់ និងពោរពេញទៅដោយភាពកក់ក្តៅតែម្តង ។
ក្រៅពីការជូនពរពីសំណាក់មិត្តភក្តិ ក្នុង និងក្រៅសិល្បៈឱ្យកូនភ្លោះទាំងពីររបស់ នាយក្រឹម និងស្រីលាភ មានសុខភាពល្អ និងមានភាពវៃឆ្លាតនោះក៏មានការសរសើរថាកូនភ្លោះរបស់ នាយក្រឹម មានមុខមាត់ស្អាតៗគួរឱ្យក្នាញ់តែ ម្តង។
ដ្បិតមិនបានចាប់ដៃគ្នាតាំងពីកម្លោះក្រមុំមកក៏ពិតមែន តែគេសង្កេតឃើញថាជីវិតប្តីប្រពន្ធ របស់ នាយក្រឹម និង ស្រីលាភ ពោរពេញទៅដោយក្តីសុខដែលគេតែងឃើញអ្នកទាំងពីរ បណ្តើរគ្នាចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិឡើងផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោង ។ បើក្រឡេកមើល ការងារសិល្បៈរបស់អ្នកទាំងពីរក៏នៅតែមានទីផ្សារបើទោះមានតារាកំប្លែងស្រករក្រោយរីកដុះ ដាលជាបន្តបន្ទាប់ក្តី៕











