
សិល្បៈ
សម្រាប់ឆ្នាំខ្លានេះគេសម្គាល់ឃើញតារាស្រីជាច្រើនបានសម្រេចយកកូនជាបន្តបន្ទាប់ដែល តារាខ្លះបានសម្រាលហើយខ្លះទៀតក៏ត្រៀមនឹងទទួលនៅក្នុងពេលឆាប់ៗនេះដែលមានដូចជា ពិធីការិនី កែវ ចាន់និមល តារាចម្រៀង អេដា និង ទេព បូព្រឹក្ស ជាដើម ។
ពិធីការិនី កែវ ចាន់និមល ត្រៀមនឹងទទួលសមាជិកថ្មីជាកូនប្រុសនៅក្នុងខែធ្នូ ខាងមុខនេះដោយក្នុងនោះអ្នកនាងក៏បានបញ្ជាក់ថាសព្វថ្ងៃសុខភាពនាងនិងទារកក្នុងផ្ទៃល្អជាធម្មតាបើទោះបីគីឡូមើលទៅមិនឡើងខ្លាំងដូចអ្នកម្តាយដទៃក៏ពិតមែន ។ អ្វីដែលកត់សម្គាល់ កែវ ចាន់និមល បានផ្អាកការធ្វើពិធីការិនីនៅស្ថានីយទូរទស្សន៍តាំងពីថ្ងៃទី ២៣ តុលាម្លេះតែសម្រាប់កម្មវិធីនានាគេឃើញនាងនៅតែបង្ហាញមុខជាធម្មតា ។
បើទោះមានកូនស្រីមួយទៅហើយក្តី តែ កែវ ចាន់និមល នៅតែមានអារម្មណ៍រំភើបនៅក្នុងការទទួលសមាជិកទីពីរនៅក្នុងពេលឆាប់ៗនេះដែលនាងបានត្រៀមសម្រាលនៅមន្ទីរពេទ្យឯកជនល្បីមួយនៅក្រុងភ្នំពេញ ។
តារាចម្រៀងពូកែគ្រលែងចង្កេះ ទេព បូព្រឹក្ស បានសម្រេចពពោះកូនដំបូងជាដំណក់ឈាម របស់គូស្នេហ៍លោក ដេវីដ បើទោះពួកគេមិនទាន់បានរៀបការទៅតាមប្រពៃណីក្តី ។ ថ្មីៗនេះ ទេព បូព្រឹក្ស បានសម្ញែងក្បាលពោះបង្អួតសម្រស់ខណៈពោះកាន់តែខ្ទាតធំហើយក្នុងនោះក៏ មានការសរសើរពីសម្រស់របស់ ទេព បូព្រឹក្ស ដែលនៅតែទាក់ទាញមិនស្រកស្រុតឡើយ ។
ដោយចង់ទុកឱ្យមហាជន ជាពិសេសហ្វេន ហ្វេន មានការភ្ញាក់ផ្អើលនោះ ទេព បូព្រឹក្ស មិនបានបញ្ជាក់ភេទកូនក្នុងផ្ទៃហើយសូម្បីតែពោះរបស់នាងអាយុប៉ុន្មានខែនោះក៏នាងមិនបាន ប្រាប់ដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះទទួលរងការវាយប្រហារនិងរិះគន់ខ្លាំងៗពីសំណាក់អ្នកលេងបណ្តាញសង្គមរឿងពពោះមុនរៀបការក្តី តែ ទេព បូព្រឹក្ស និង ដេវីដ នៅតែរក្សាភាពស្ងប់ស្ងាត់មិនតបតឡើយ ។
ងាកមកតារាចម្រៀង Original Song អេដា ក៏ត្រៀមនឹងទទួលសមាជិកដំបូងនៅក្នុងដើមឆ្នាំ ២០២៣ ខាងមុខនេះហើយតាមគម្រោង អេដា នឹងសម្រាលកូនដំបូងនៅ នៅមន្ទីរពេទ្យល្បីមួយនៅក្នុងប្រទេសថៃ។ មិនខុសពី ទេព បូព្រឹក្ស ឡើយ អេដា មិនបានបញ្ជាក់ថាកូនក្នុងផ្ទៃ នាងជាកូនប្រុសឬស្រីនោះទេ ពោលនាងត្រឹមតែបន់ផ្សងឱ្យកូនក្នុងផ្ទៃកាត់តាមគូដណ្តឹងដែល មានភាពឆ្លាតវៃនិងមានមុខមាត់ស្រស់សង្ហា ។
សព្វថ្ងៃ អេដា កំពុងស្នាក់នៅសហរដ្ឋអាមេរិក នៅឡើយ តែគេមិនច្បាស់ថាតើ អេដា នឹងរៀបការតាមបែបអឺរ៉ុបនៅសហរដ្ឋអាមេរិកនៅក្នុង ខែធ្នូខាងមុខនេះតាមគម្រោងឬបែបណាឡើយ ៕

















