
សិល្បៈ
កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមជាមួយរដ្ឋបាលខណ្ឌច្បារអំពៅដាំដើមផ្កាសាគូរ៉ាចំនួន ២០០ដើម ខណៈដែលក្រុមហ៊ុនបានឧបត្ថម្ភ ដើមផ្កាសាគូរ៉ា ប្រមាណជាង ១,២០០ដើម ដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីដាំតាមបណ្ដោយផ្លូវជាតិលេខ១ ដែលមានចម្ងាយសរុបចំនួន ១០ គីឡូម៉ែត្រ គិតចាប់ពីព្រំប្រទល់ស្រុកគៀនស្វាយ រហូតដល់ស្ពានព្រះមុនីវង្ស ឬ ស្ពានច្បារអំពៅ ក្នុងគោលបំណងចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបៃតង និងទីក្រុងស្អាត។
លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសម្ដែងនូវអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែបានចូលរួមសហការ និងបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌច្បារអំពៅកន្លងមក។ លោកបានបញ្ជាក់ថា នេះជាជំហានទី២ហើយ ដែលកន្លងមករដ្ឋបាលខណ្ឌបានដាំដើមសាគូរ៉ា នៅផ្នែកខាងត្បូងផ្លូវជាតិលេខ១ ក៏ដូចតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌ គិតត្រឹមម៉ោងនេះរដ្ឋបាលខណ្ឌបានដាំដើមផ្កាសាគូរ៉ាបានចំនួន ៦០០ដើម ក្នុងចំណោមដើមផ្កាដទៃទៀត យុទ្ធនាការនេះនឹងបន្ដតាមការសន្និដ្ឋានរហូតទៅដល់ចំនួន ១២០០ដើម។
លោកបានបន្តថា៖ «សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងស្រោចទឹកដើមសាគូរ៉ាទាំងនេះដែលបានដាំនៅមុខផ្ទះរបស់បងប្អូន ដើម្បីជាម្លប់ និងសោភ័ណភាពរបស់ខណ្ឌយើងទាំងអស់គ្នា»។
លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ប៉េង ហួត គ្រុប មានក្តីរីករាយយ៉ាងក្រៃលែង ក្នុងការរួមចំណែកក្នុងសកម្មភាពបរិស្ថានជាមួយនឹងរដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងយុទ្ធនាការដាំដើមផ្កាសាគូរ៉ា តាមបណ្ដោយផ្លូវជាតិលេខ១ ដែលមានចម្ងាយជាង ១០គីឡូនេះ។ ហើយក្រុមហ៊ុនជឿជាក់ថា ការរួមចំណែកនេះ អាចជួយលើកកម្ពស់សោភ័ណភាពតាមដងផ្លូវជាតិលេខ១ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងទីក្រុងឱ្យកាន់តែប្រសើរឡើងទៀតផងដែរ»។
សូមបញ្ជាក់ផងដែរ ប៉េង ហួត គ្រុប បានកំណត់អាទិភាពការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺ៖ «ការងារបរិស្ថាន អប់រំ និង សង្គម»។ កន្លងមក តាមរយៈការងារសង្គមក្នុងវិស័យបរិស្ថាន ដែលក្រុមហ៊ុនបានធ្វើរួមមាន៖ ការចូលរួមសាងសង់ហេដ្ឋារចនាសម្ព័ន្ធបៃតង ប្រកបទៅដោយផាសុកភាព និងការដាំដើមឈើប្រមាណជាង ១ម៉ឺនដើម នៅគ្រប់គម្រោងរបស់បុរី ប៉េង ហួត ការសហការជាមួយក្រសួងបរិស្ថានដាំដើមឈើតាមបណ្ដាខេត្តនានា និងផ្សព្វផ្សាយចំណេះដឹងអំពីផល់ប៉ះពាល់នៃសំរាមប្លាស្ទិកដល់ប្រជាពលរដ្ឋជាច្រើននាក់ ឧបត្ថម្ភរថយន្តបោសសម្អាតថ្នល់ រថយន្ដផ្ទុកទឹកចំណុះ ៨,០០០លីត្រ ដល់រដ្ឋបាលខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដើម្បីថែរក្សាបរិស្ថានស្អាតក្នុងទីក្រុង ព្រមទាំងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងគម្រោងជាច្រើនដូចជា អង្ករប្ដូរយកសំរាមប្លាស្ទិក»។ល៕